ក្រុមបាល់ទាត់ខេត្តព្រៃវែង និងវិសាខាប្តេជ្ញាចិត្តឡើងវគ្គផ្ដាច់ព្រ័ត្រដូចគ្នាពេល​ជួបគ្នាល្ងាចស្អែក

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន និងបង្ហាញការហ្វឹកហាត់ផ្លូវការរបស់ក្រុមខេត្តព្រៃវែង និងក្រុមវិសាខា កាលពីល្ងាចថ្ងៃ៤កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ ដែលពីរក្រុមនេះត្រូវប្រកួតជាមួយគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៦ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ឡុច ចន្ថា គ្រូបង្គោលក្រុមជម្រើសខេត្តព្រៃវែង លើកឡើងថា ក្រុមរបស់លោកបានរៀបចំយ៉ាងល្អ និងសប្បាយចិត្ត ដែលបានក្លាយជាក្រុមដំបូងមកពីថ្នាក់ខេត្តឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយលោកក៏ដូចជាកូនក្រុមទាំងអស់ប្តេជ្ញាចិត្តថានឹងលេងឱ្យអស់១០០ភាគរយ ដើម្បីប្រជែងយកឈ្នះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។

ចំណែកឯ លោក Colum Curtis គ្រូបង្គោលក្លិបវិសាខាលើកឡើងដែរថា លោកមិនអាចមើលស្រាលក្រុមព្រៃវែងឡើយ ប៉ុន្តែលោកសរសើរពួកគេលេងបានយ៉ាងល្អ។ ជាក់ស្ដែងពួកគេបានទម្លាក់អង្គរថាយហ្គឺរ និងសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ។ ទោះយ៉ាងនេះក្តី ក៏ក្រុមវិសាខាបានត្រៀមខ្លួនល្អទាំងកម្លាំងកាយ និងកម្លាំងចិត្ត បច្ចេកទេស ដើម្បីឆ្ពោះទៅប្រជែងជើងឯក ពានរង្វាន់សម្តេចតេជោ រដូវកាល ២០២០នេះដូចគ្នាផងដែរ។

សម្រាប់១ប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នេះដែរ គឺជាការជួបគ្នារវាងក្រុមណាហ្គាវើលដ៍ និងភ្នំពេញក្រោន ដោយត្រូវប្រកួតនៅវេលាម៉ោង៦ល្ងាចថ្ងៃទី២១ ខែតុលា ឆ្នំា២០២០នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT