ការ​ពិត ៤ យ៉ាង​កម្រ​មាន​អ្នក​ដឹង ពី​កីឡាករ​តំណាង​ឲ្យ​តំបន់​អាស៊ី Son Heung-min

នៅ​រដូវ​កាល ២០២០/២១ កីឡាករ​ Son Heung-Min បាន​នឹង​កំពុង​ធ្វើ​ព្យុះភ្លៀង​ជា​ខ្លាំង ដោយ​ជា​ចំណែក​ជួយ​ឲ្យ​ក្លឹប Tottenham ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្របខ័ណ្ឌ Premier League។

Son ក៏​កំពុង​ឈរ​ជា Top Scorer រក​បាន ៧ គ្រាប់​ខ្ពស់​ដាច់​គេ ស្មើ​នឹង​កីឡាករ Dominic Calvert-Lewin របស់​ក្លឹប Everton។

ស្រប​ពេល​ជាមួយ​គ្នា​នេះ CTS Sports ក៏​សូម​បង្វែរ​អារម្មណ៍​អ្នក​គាំទ្រ​ឲ្យ​មក​បាន​ដឹង​ពី​អាថ៌កំបាំង​និង​ការ​ពិត ៤ យ៉ាង ដែល​អ្នក​គួរ​តែ​ដឹង​ពី​កីឡាករ​តំណាង​ឲ្យ​តំបន់​អាស៊ី​ Son Heung-min៖

៤) មាន​ឪពុក​ជា​កីឡាករ​បាល់ទាត់


ឪពុក​របស់​ Son គឺ​ជា​អតីត​កីឡាករ​បាល់ទាត់​ចូល​និវត្ត មាន​ឈ្មោះ Son Woong-jung។ បច្ចុប្បន្ន​លោក​មាន​អាយុ ៥៨ ឆ្នាំ​ និង​កំពុង​បើក​ដំណើរការ​សាលា​បាល់ទាត់​ហ្វឹកហាត់​ថ្នាល​យុវជន ហើយ​កាល​ពី​អតីតកាល​លោក​ធ្លាប់​ជា​ខ្សែ​ប្រយុទ្ធ​លេង​ឲ្យ​ក្លឹប Sangmu, Hyundai Horangi និង Ilhwa Chunman ស្ថិត​ក្នុង​ប្រទេស​កំណើត។

៣) បោះបង់​ការ​សិក្សា​ត្រឹម​អាយុ ១៦ ឆ្នាំ


Son ​មិនមែន​ជា​បុគ្គល​ដែល​ទទួល​បាន​ការ​សិក្សា​ខ្ពង់ខ្ពស់​ដល់​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​អ្វី​នោះ​ទេ ដោយ​គេ​បាន​បោះបង់​ការ​សិក្សា​ត្រឹម​អាយុ ១៦ ឆ្នាំ គ្រា​នៅ​រៀន​កម្រិត​វិទ្យាល័យ ហើយ​បោះ​ជំហាន​ទៅ​ចូលរួម​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ជាមួយ​ថ្នាល Hamburg។ ប៉ុន្តែ​លទ្ធផល​តបស្នង​សម្រាប់​ការ​ខិតខំ​របស់​គេ​ត្រលប់​មក​វិញ ដូច​នៅ​ពេល​នេះ គឺ​រាប់​ថា​ជោគជ័យ​កម្រិត​ខ្ពស់​មួយ​ហើយ។

២) និមិត្ត​រូប​ក្នុង​ដួងចិត្ត

កំឡុង​ពេល​អភិវឌ្ឍ​ខ្លួន​នៅ​ថ្នាល​យុវជន និមិត្តរូប​របស់ Son គឺ​ជា​កីឡាករ​រួម​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង មាន​ឈ្មោះ Lee Chung-yong ដែល​គេ​មាន​អាយុ​បង​ Son តែ ៤ ឆ្នាំ​ប៉ុណ្ណោះ។ មក​ទល់​ពេល​ចុង​ក្រោយ iDol របស់​កីឡាករ Spurs រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា​ជា Cristiano Ronaldo ដោយ Son ធ្លាប់​បាន​និយាយ​ថា៖ “ខ្ញុំ​ដឹង​ថា​ការ​នាម​ជា​កីឡាករ​អាជីព​មួយ​រូប គឺ​ទាមទារ​ទេពកោល្យ​ខ្ពស់ តែ​ដូច​ជា idol របស់​ខ្ញុំ Cristiano Ronaldo គឺ​គាត់​បាន​ខិតខំ​ខ្ពស់​ជាង​ទេពកោសល្យ​ដែល​គាត់​មាន​ទៅ​ទៀត បែប​នេះ​កីឡាករ​ទាំង​អស់​មិន​គួរ​គិត​ថា មាន​ទេពកោសល្យ​មួយ​មុខ​អាច​គ្រប់គ្រាន់​នោះ​ឡើយ”។

១) កំណត់ត្រា​តម្លៃ​ផ្ទេរ​និង​ការ​រក​គ្រាប់​បាល់

Son បាន​ក្លាយ​ជា​កីឡាករ​អាស៊ី​មាន​តម្លៃ​ផ្ទេរ​ចេញ​ខ្ពស់​បំផុត ក្រោយ​សម្រេច​ការ​ផ្ទេរ​ចេញ​ពី​ក្លឹប Bayer Leverkusen មក​ចូលរួម​នៅ Tottenham នា​ខែ​សីហា ឆ្នាំ ២០១៥ ក្នុង​តម្លៃ​ខ្លួន ២២ លាន​ផោន។

ចំពោះ​ការ​រក​គ្រាប់​បាល់ កំណត់ត្រា​ធំ​បង្អស់​នៅ Premier League គឺ Son ក្លាយ​ជា​កីឡាករ​អាស៊ី​រក​បាន​ច្រើន​គ្រាប់​បំផុត ដោយ​បច្ចុប្បន្ន​មាន ៦០ គ្រាប់ យក​ឈ្នះ​អ្នក​ចាស់​គឺ Park Ji-Sung ធ្វើ​បាន ១៩ គ្រាប់៕ ប្រភព៖ Shoot.co.uk

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT