Messi ​រង់ចាំ​តែ​ថ្ងៃ​បញ្ចប់​និស្ស័យ​ជាមួយ Barca មក​ដល់ ខណៈ​ក្លឹប​ក៏​ត្រៀម​លុយ​ធំ​ចង់យក​ម្នាក់​នេះ​មក​ជំនួស

កុងត្រា​របស់ Lionel Messi ជាមួយ​ក្លឹប Barcelona នឹង​ត្រូវ​ផុត​សុពលភាព​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០២១ ប៉ុន្តែ​ត្រឹម​ខែ​មករា​ខាង​មុខ​នេះ ប្រសិន​សាមី​ខ្លួន​មិនមាន​ការ​បន្ត​កុងត្រា​ថ្មី នោះ​គេ​អាច​ចរចា​លក្ខណៈ Pre-Contract ជាមួយ​ក្លឹប​ដទៃ​បាន​ហើយ។

ពាក់ព័ន្ធ​នឹង​រឿង​នៃ​ការ​គ្រោង​ចាកចេញ​របស់​កីឡាករ​អាហ្សង់ទីន បើ​តាម​ប្រភព​ពី Marca ​បាន​ចុះ​ផ្សាយ​ថា ក្លឹប​យក្ស​អេស្ប៉ាញ​ក៏​ត្រៀម​លុយ​ធំ​លើ​ការ​យក​អ្នក​ថ្មី​មក​ជំនួស​ហើយ​ដែរ ​ហើយ​ម្នាក់​នោះ​គឺ​ជា​ Kylian Mbappe ដែល​ជា​យុវជន​ឆ្នើម​របស់​ក្លឹប​បារាំង Paris Saint-Germain។

ប្រភព​បាន​សង្កត់​ធ្ងន់​ថា កីឡាករ​បារាំង​ហាក់​គ្មាន​ចិត្ត​ចង់​បន្ត​កុងត្រា​ថ្មី​ជាមួយ PSG លើស​ពី​ឆ្នាំ​ ២០២២ ទាល់​តែ​សោះ ដែល​នេះ​ញាំង​ឲ្យ​ក្លឹប​អាច​នឹង​បង្ខំ​ចិត្ត​ត្រូវ​លក់​គេ​ចេញ​ត្រឹម​ឆ្នាំ​ក្រោយ ហើយ​ចំពោះ​តម្លៃ​ខ្លួន​អាច​ជា​ខ្ទង់ ៩១ លាន​ផោន។

ការ​ចរចា​នេះ Barcelona នឹង​ត្រូវ​ចូល​ប្រជែង​ជាមួយ​បណ្តា​ក្លឹប​យក្ស​ធំៗ​នៅ​អឺរ៉ុប មាន​ដូច​ជា Real Madrid, Liverpool និង Juventus ដែល​សុទ្ធ​សឹង​តែ​ធ្លាប់​ស្ថិត​ក្នុង​ចចាមអារ៉ាម​ចង់​បាន​យុវជន​បារាំង​រូប​នេះ​ដូចៗ​គ្នា។ បញ្ជាក់​ថា Mbappe រក​បាន ៩៤ ​គ្រាប់​និង Assist ៥៥ លើក​ហើយ​នៅ​ការ​បង្ហាញ​ខ្លួន ១២៨ ​ប្រកួត​សរុប​ឲ្យ PSG៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT