Hiroki Akimoto ​ឈ្នះ​ពិន្ទុ​ Zhang Chenglong ​ក្នុង​ការ​ប្រកួត​ឃីកបុកសីង​ដ៏​ល្អ​មើល

តារា​​​ជប៉ុន​ Hiroki Akimoto  ​ដែល​ជា​អតីត​កីឡាករ​​ឃីកបុកសីង​​ ONE Super Series ​ទម្ងន់​ flyweight ​​បាន​ប្រកួត​ ៣ ​ទឹក​ដ៏​លំបាក​​ដើម្បី​ទទួល​ជ័យជម្នះ​​ដោយ​ពិន្ទុ​​មិន​ឯកច្ឆន្ទ​​​ក្នុង​ការ​​បង្ហាញ​ខ្លួន​ដំបូង​នៅ​ទម្ងន់​ថ្មី bantamweight។ ​

​នេះ​ជា​​ជ័យជម្នះ​​របស់​ Akimoto ​​​​លើ​គូ​ប្រជែង​​លំដាប់​ទី​៣​ “Muay Thai Boy” Zhang Chenglong​ ​សម្រាប់​​ការ​ប្រកួត​គូ​ឯក​​នៃ​​ព្រឹត្តិការណ៍​  ONE: REIGN OF DYNASTIES II​ ​​​កាល​យប់​មិញ​​ថ្ងៃ​សុក្រ​ទី ​១៦ ​តុលា​។​ ​នៅ​ទឹក​ដំបូង​ Akimoto ​និង​ Zhang ​បាន​ស្ទាបស្ទង់​តាម​រយៈ​ការ​ទាត់​ជើង​ដូច​គ្នា, ​​សាក​កម្លាំង​ដៃ​ និង​ព្យាយាម​ធ្វើ​ឲ្យ​​គូ​ប្រជែង​របួស​ដូច​គ្នា។ ​ប៉ុន្តែ​ការ​បោះ​ជង្គង់​​ពី​ Muay Thai Boy” ​នៅ​ពាក់​កណ្ដាល​ទឹក​​​ដំបូង​​​ធ្វើ​កីឡាករ​ជប៉ុន​រឹត​តែ​​ប្រុងប្រយ័ត្ន​ខ្ពស់។ ​

បន្ទាប់​មក​ទៀត​ ​​កីឡាករ​ទម្ងន់​ bantamweights ​​បាន​ចាប់​ផ្ដើម​លេង​កណ្ដាប់​ដៃ​វិញ​ម្ដង​ ខណៈ​ដែល​Zhang ​ដើរ​សំដៅ​​ចេញ​កណ្ដាប់​ដៃ ​ហើយ​ Akimoto ​វាយ​តបត​វិញ​ដែរ។ ​ប៉ុន្តែ​សំណាង​ល្អ​ចំពោះ​​​ជើង​ខ្លាំង​ជប៉ុន​ ​ទោះ​បី​រូប​គេ​រង​​ការ​ទាត់​ចំ​ដង​ខ្លួន​ជា​ច្រើន​ក៏​ដោយ។ “Muay Thai Boy” ​​បន្ត​ដាក់​គោល​ដៅ​​ផ្ដួល​​ម្ចាស់​​ជើង​ឯក​ WFKO Karate World Champion ​ដោយ​​ប្រើ​កណ្ដាប់​ដៃ។

ការ​​​ប៉ង​វ៉ៃ​ចេញ​​កណ្ដាប់​​ដៃ​លើ​ដង​ខ្លួន​​របស់​​កីឡាករ​ទាំង​ពីរ​​ធ្វើ​ឲ្យ​សកម្មភាព​រស់រវើក​នៅ​ទឹក​ទី២ ប៉ុន្តែ​ Zhang ​នៅ​តែ​ដាក់​សម្ពាធ​ដើរ​ចូល​មិន​ខ្លាច​រអា​ Akimoto​ នោះ​ទេ។ ​Akimoto​ ​​បាន​ចេញ​​កណ្ដាប់​​ដៃ​ខាវ​ចំ​ ៣ ​ដង​​ ​​ថែម​ទាំង​​ការ​ទាត់​ខ្ពស់​​មាន​ប្រសិទ្ធភាព។

​កាន់​តែ​ភ្ញាក់​ផ្អើល​ “Muay Thai Boy” ​នៅ​តែ​គឃ្លើន​ ប៉ុន្តែ​ចូល​​​អន្ទាក់​រប​ស់​ Akimoto ​ញយ​ៗ​តាម​រយៈ​រន្ទះ​ជើង​។ពេល​កីឡាករ​ចិន​​​ទៅ​ក្បែរ​រេញ​ ជើង​ខ្លាំង​ជប៉ុន​​បន្ត​ប្រើ​ជើង​​ក្នុង​ជំហរ​ប្រយុទ្ធ​ដដែល។ ​Zhang​ ​ចូល​​ខាវ​ឆ្វេង​ដើម្បី​សម្លាប់​ ប៉ុន្តែ ​​​កីឡាករ​​ជប៉ុន ​គេច​ផុត​ និង​ ​​ប្រើ​ស្នៀត​វាយ​បក​ទៅ​វិញ​យ៉ាង​ល្អ​មើល។

គូ​នេះ​​បាន​ពន្យារ​​រហូត​ដល់​ទឹក​ចុង​ក្រោយ​​ ហើយ​​​គូ​ប្រជែង​ទាំង​ពីរ​សុទ្ធ​តែ​បង្ហាញ​ឆន្ទៈ​​ដើម្បី​​​ស្វែង​​រក​​ជ័យជម្នះ​​រៀង​ៗ​ខ្លួន។ ​Zhang ​បន្ត​ដាក់​សម្ពាធ​​​ជា​មួយ​​នឹង​ការ​បោះ​កណ្ដាប់​ដៃ​ ​និង ​​ឡើង​ជង្គង់​ ​ស្រប​ពេល​ Akimoto ​ក៏​​មាន​ស្នៀត​​​​កណ្ដាប់​ល្អ​ និង ​​វ៉ៃ​យក​ពិន្ទុ​លើ​ដង​ខ្លួន។

​ការ​ខាវ​ស្ដាំ​មួយ​ដៃ​របស់ “Muay Thai Boy” ​​បាន​ធ្វើ​ឲ្យ​ Akimoto ​ផ្ងាក​ក្រោយ​ ហើយ​​មិន​យូរ​ប៉ុន្មាន​កីឡាករ​ចិន​ក៏​​​​​បន្ថែម​កណ្ដាប់​ដៃ​ទៀត។ ​យ៉ាង​ណា​ក្ដី​ ​កីឡាករ​មក​ពី​ក្លិប​ Evolve ​នៅ​រក្សា​លំនឹង​បាន និង​បាន​បោះ​កណ្ដាប់​ដៃ​នៅ​នាទី​ចុង​ក្រោយ​ដូច​ព្យុះ​​រហូត​ដល់​បញ្ចប់​ទឹក។ ទី​បំផុត​ ​​ចៅ​ក្រម​កាត់​សេច​ក្ដី​​​បាន​ផ្ដល់​ពិន្ទុ​​​​ឈ្នះ​មិន​ឯកច្ឆន្ទ​ដល់ ​ Akimoto។ ​ជ័យជម្នះ​នេះ​​នាំ​ឲ្យ​រូប​គេ​កើន​កំណត់​ត្រា​​ឈ្នះ ២២ ដង​ និង​ ចាញ់​ម្ដង​ក្នុង​អាជីព​ ហើយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​កំពូល​មួយ​​​នៃ​ប្រភេទ​ទម្ងន់​នេះ។ ​​នៅ​ថ្ងៃ​អនាគត​​ដ៏​ខ្លី​ ​កីឡាករ​ជប៉ុន​ ​អាច​​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​ឃីកបុកសីង​ពិភព​លោក ​ONE Bantamweight ​ពី​ Alaverdi “Babyface Killer” Ramazanov ជាក់​ជា​មិន​ខាន៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT