Everton ​យល់​ព្រម​២៨​លាន​ផោន ​យក Mina ​ពី Barcelona ​

ក្លឹប Everton ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​យល់​ព្រម​តម្លៃ​ខ្លួន​២៨,៤​លាន​ផោន ​ទិញ​យក​ខ្សែ​ការពារ Yerry Mina ​ពី​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​ហើយ។

Mina ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​មាន​គេ​ចុះ​ផ្សាយ​ច្រើន​ថា​រូបគេ​អាច​នឹង​ទៅ​លេង​នៅ Manchester United ​ដែល​កំពុង​តែ​ស្វែង​រក​ខ្សែ​ការពារ។ យ៉ាងណាមិញ ​កីឡាករ​ជម្រើស​ជាតិ​កូឡុំប៊ី​រូប​នេះ​បែរ​ជា​ជ្រើសរើស​ទៅ​លេង​ឱ្យ​ក្លឹប Everton ​វិញ ​ដែល​ជា​ក្លឹប​មួយ​កំពុង​ទិញ​យក​កីឡាករ​ច្រើន​នា​រដូវ​កាល​នេះ ដើម្បី​មក​ពង្រឹង​ក្រុម។ វត្តមាន​របស់ Mina ​គឺ​ជា​កីឡាករ​ទី​៤​ហើយ​ដែល​ក្លឹប​នៅ Goodison Park ​ទិញ​ចូល។

Mina ​ផ្លាស់​ទៅ​លេង​នៅ Barcelona ​នៅ​ខែ​មករា​ដើម​ឆ្នាំ​នេះ ប៉ុន្តែ​មិន​អាច​លេង​ឱ្យ​ជាប់​ចិត្ត​គ្រូ​បង្វឹក​បាន​ឡើយ ​ដោយ​បង្ហាញ​ខ្លួន​ត្រឹម​តែ​៦​ប្រកួត​ប៉ុណ្ណោះ។ កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ ​បង្ហាញ​សមត្ថភាព​លេង​ល្អ​នៅ​ពាន​រង្វាន់ World Cup ​ជាមួយ​ជម្រើស​ជាតិ​កូឡុំប៊ី។ ការ​នាំ​ចូល​ខ្សែ​ការពារ​រូប​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Marco Silva ​នឹង​រឹងម៉ាំ​បន្ថែម​ទៀត​នៅ​តំបន់​ការពារ ​ដែល​ពួកគេ​នឹង​បើក​ឆាក​លីគ​កំពូល​ប៉ះ​ជាមួយ​ក្រុម​ចំណូល​ថ្មី Wolverhampton Wanderers ​នៅ​ចុង​សប្ដាហ៍​នេះ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT