ជំនួប Khmer El Clasico ៖ភ្នំពេញក្រោនចែករំលែកឲ្យបឹងកេតលក់សំបុត្រ ២០០ សន្លឹកសម្រាប់អ្នកគាំទ្រ

ភ្នំពេញក្រោនដែលជាក្រុមម្ចាស់ផ្ទះបានពិភាក្សាគ្នាជាមួយភាគីបឹងកេត ក្នុងការចែករំលែកគ្នាលក់សំបុត្រដល់អ្នកគាំទ្រសម្រាប់ការប្រកួតធំនៅថ្ងៃទី ២៥ ខែ តុលា ខាងមុខ និង ជាការប្រកួតសម្រេចវាសនាជើងឯកកំពូលកម្ពុជារដូវកាលឆ្នាំ២០២០។

លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោន បានថ្លែងប្រាប់ CNCC ថា ៖«បាល់ទាត់វាមូល បង! ម្ដងគេម្ដងយើង។ ខាងភ្នំពេញក្រោន លក់ ៤០០ ដល់អ្នកគាំទ្រ ហើយជូនបឹងកេត ២០០ លក់បន្ត។ យើងសម្រួលទាំងអស់គ្នាឲ្យមានអ្នកគាំទ្របានមកទស្សនា ព្រោះបឹងកេត ក៏ជាក្លិបមួយមានអ្នកគាំទ្រច្រើនដែរ។ បើសិនបឹងកេត ស្មើ ឬ ឈ្នះ នោះគេនឹងឈ្នះពាន»។

ក្រុមជើងឯកលីគកំពូល ៦ សម័យ បានប្រកាសថ្ងៃម្សិលមិញថា ពួកគេនឹងដាក់លក់សំបុត្រជំនួបបឹងកេតនៅថ្ងៃទី ១៥ តុលា នេះ។ រីឯក្រុមភ្ញៀវបឹងកេត ក៏ប្រកាសលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថាសំបុត្រត្រូវដាក់លក់រសៀលនេះចាប់ពីម៉ោង ៣:៣០ តទៅនៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ។

ជំនួបរវាងភ្នំពេញក្រោន និង បឹងកេត គឺជាសប្ដាហ៍ចុងក្រោយនៃការបិទបញ្ចប់លីគកំពូលកម្ពុជានៅល្ងាចថ្ងៃទី ២៥ តុលា ខណៈគូប្រជែងព្រះខ័នរាជស្វាយរៀង ទទួលក្រុម ណាហ្គាវើលដ៍នៅកីឡដ្ឋានខេត្តស្វាយរៀង។  បឹងកេត ត្រូវការតែត្រឹមស្មើភ្នំពេញក្រោន ប៉ុណ្ណោះ ដើម្បីលើកពាន Metfone Cambodian League លើកទី៤ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT