អតីត​គ្រូ Bayern ថា​ប្រព័ន្ធ Tiki-Taka របស់ Pep ​បើ​គ្មាន​កីឡាករ​រូប​នេះ​គឺ​អស់​ន័យ​ហើយ

អតីត​អ្នកចាត់ការ​នៅ​ក្លឹប Bayern Munich លោក Felix Magath ​បាន​និយាយ​ចំៗ​ថា ប្រព័ន្ធ Tiki-Taka ដែល​បង្កើត​ឡើង​ដោយ​អ្នកចាត់ការ​លោក Pep Guardiola គឺ​អាច​ដំណើរការ​ជោគជ័យ​ទៅ​បាន លុះត្រា​តែ​មាន​វត្តមាន​របស់ Lionel Messi។

លោក​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​ដូច​ជា​នៅ​ការ​ប្រកួត Champions League ពេល​មាន Messi នៅ​ក្នុង​ក្រុម​នោះ ទើប​ឈ្នះ ប្រសិន​គ្មាន​ទេ គឺ​ប្រព័ន្ធ Tiki-Taka មិន​អាច​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន​អឺរ៉ុប​បាន​ឡើយ។

ប្រាប់​សារព័ត៌មាន Sport Bild លោក Magath និយាយ​ថា៖ “Messi ទេ​ជា​អ្នក​ឈ្នះ​ពាន មិនមែន Guardiola ទេ ព្រោះ​ពេល​គ្មាន Messi ប្រព័ន្ធ​នេះ [Tiki-Taka] មិន​ដំណើរការ​ជោគជ័យ​នោះ​ឡើយ​សម្រាប់ Guardiola ព្រោះ​បើ​ជោគជ័យ​មែន ម្ល៉ោះ​គាត់​ឈ្នះ Champions League ជាមួយ Bayern ឬ Man City យូរ​ណាស់​មក​ហើយ”។

លោក​បន្ថែម​ថា៖ “Tiki-Taka អាច​ដំណើរការ​ទៅ​បាន លុះត្រា​តែ​អ្នក​មាន​កីឡាករ​ពោរពេញ​ដោយ​បច្ចេកទេស​ខ្ពស់ ហើយ​នាម​ជា​ទស្សនា​ បើ​មើល​ការ​លេង​របៀប​ហ្នឹង​គឺ​ធុញ​ទ្រាន់​ណាស់ ដោយ​ក្រុម​កំពូល​មិន​ត្រូវ​ការ​វា​ទេ ហើយ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ Guardiola ពេល​ខ្លះ​គាត់​សម្រេច​ចិត្ត​ខុស ហើយ​នាំ​ឲ្យ​ក្រុម​បរាជ័យ​ជាមួយ​ប្រព័ន្ធ​នោះ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT