វិបសាយ Dailymail បានចេញអត្ថបទសើបអង្កេតមួយពីប្រទេសកម្ពុជា ចំពោះតម្លៃប្រាក់ពលកម្មរបស់កម្មការិនីក្នុងរោងចក្រផលិតសំលៀកបំពាក់របស់ក្រុមបិសាចក្រហម Manchester United ។
ឯកសណ្ឋានរបស់ក្លឹប Manchester United លក់សម្រាប់អ្នកគាំទ្រគឺតម្លៃ១១០ផោន ដែលស្មើទៅនឹង១៤៣ដុល្លារ។ ដែលនេះជាតម្លៃឯកសណ្ឋានថ្លៃជាងគេមួយនៅលើលោក ហើយផលិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង។ ផ្ទុយទៅវិញ បើមើលទៅលើតម្លៃពលកម្មរបស់កម្មការិនីខ្មែរធ្វើការងារផលិតសម្លៀកបំពាក់នេះវិញ គឺទាបខ្លាំងមែនទែន។ របាយការណ៍បានបញ្ជាក់ថាពួកគេទទួលបានត្រឹម៤០ដុល្លារប៉ុណ្ណោះក្នុង១សប្ដាហ៍។ ខណៈដែលការងារវិញ គឺត្រូវធ្វើមិនឈប់ដៃឡើយ ដោយត្រូវផលិតឱ្យបានយ៉ាងតិច៦០អាវ ក្នុង១ម៉ោង ឬ១០០អាវឯណោះក្នុង១ម៉ោងទៅតាមតម្រូវការ។ ហើយប្រសិនបើពួកគេធ្វើយឺតជាងនេះ នឹងត្រូវស្ដីឱ្យពីថ្នាក់លើមិនខាន។
កម្មការិនីម្នាក់ដែលមិនបញ្ចេញឈ្មោះបាននិយាយថារាល់ថ្ងៃនេះ ពួកគេមិនហ៊ានឈប់ឡើយ ព្រោះប្រសិនបើឈប់នឹងត្រូវកាត់លុយ។ ខណៈដែលការងារវិញ ប្រសិនបើធ្វើមិនទាន់តាមតម្រូវការខាងលើទេ នោះនឹងត្រូវចៅហ្វាយស្ដីឱ្យមិនខាន។ នារីម្នាក់នេះ បានបញ្ជាក់ទៀតថានាងបច្ចុប្បន្ននេះមានបញ្ហាភ្នែក ដោយសារតែរងផលប៉ះទង្គិចដោយសារតែមិនបានសម្រាកសោះ ព្រោះប្រឹងប្រែងធ្វើឱ្យទាន់ពេលវេលា។
សូមបញ្ជាក់នៅកម្ពុជាសំលៀកបំពាក់ក្លឹបធំៗជាច្រើនធ្វើឡើងនៅទីនេះ ជាពិសេសក្រុមហ៊ុន Adidas តែម្ដង។ ដោយឡែកសម្រាប់ឯកសណ្ឋានក្លឹប Man Utd នេះ ក្រុមហ៊ុន Adidas បានចុះកុងត្រាផលិត១០ឆ្នាំ លើតម្លៃទឹកប្រាក់៧៥០លានផោន។ ក្រុមហ៊ុនយក្សមួយនេះ រំពឹងថាពួកគេនឹងរកចំណូលបាន១,៥ពាន់លានផោនវិញ ពីលើកុងត្រារយៈពេល១០ឆ្នាំជាមួយក្រុមបិសាចក្រហមនេះ៕ប្រភព៖ DailyMail