Robinho ទម្លាក់​ចុង​ប៊ិច​វិល​ទៅ​ក្លឹប​ចាស់ ព្រម​ស៊ី​ថ្លៃ​ពលកម្ម​តែ​ជាង ១ លាន​រៀល​ក្នុង​មួយ​ខែ

អតីត​កីឡាករ​ឆ្នើម​នៅ Premier League ​គឺ​កីឡាករ Robinho ថ្មីៗ​នេះ​បាន​ព្រមព្រៀង​ចុះ​ហត្ថលេខា​វិល​ត្រលប់​ទៅ​កាន់​ក្លឹប​ចាស់ Santos ក្នុង​ប្រទេស​ប្រេស៊ីល ក្រោយ​ពី​ផុត​កុងត្រា​ជាមួយ​ក្លឹប Istanbul Basaksehirនិង​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ដោះដូរ។

បុរស​វ័យ ៣៦ ឆ្នាំ ដែល​ធ្លាប់​ទទួល​បាន​ថ្លៃ​ពលកម្ម ១៦០ ០០០ ផោន/សប្ដាហ៍ និង​ជា​កីឡាករ​មាន​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​នៅ Premier League កាល​ពី​ឆ្នាំ ២០០៨ បាន​សម្រេច​ចិត្ត​ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈ​ពេល ៥ ខែ ដែល​មាន​សុពលភាព​ផុត​កំណត់​នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២១។

ក្នុង​កុងត្រា​នោះ គឺ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ទទួល​បាន​ថ្លៃ​ពលកម្ម​តែ​ជាង ៦៧ ដុល្លារ/សប្តាហ៍ ឬ ២៧០ ដុល្លារ/ខែ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​អាច​មាន​សិទ្ធ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​លើ​ថ្លៃ​ពលកម្ម ដល់​ទៅ​ជាង ៥០ ០០០ ដុល្លារ ​ក្រោយ​ពី​បង្ហាញ​ខ្លួន​នៅ​ឈុត​ធំ​ចំនួន ១០ លើក។

ជុំវិញ​ការ​ចុះ​ហត្ថលេខា​ថ្មី អតីត​កីឡាករ​ធ្លាប់​លេង​នៅ​ក្លឹប Real Madrid, Man City និង AC Milan រូប​នេះ​និយាយ​ថា៖ “ក្លឹប​ Santos តែងតែ​ជា​ផ្ទះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​គោលដៅ​ចង់​ជួយ​ក្លឹប​នេះ​ទាំង​ក្នុង​និង​ក្រៅ​ទីលាន ព្រោះ​ខ្ញុំ​ទទួល​បាន​ការ​អភិវឌ្ឍ​ខ្លួន​នៅ​ទី​នេះ ហើយ​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់ ក៏​ក្លឹប Santos FC ជា​អ្នក​ជួយ​ឲ្យ​ខ្ញុំ​សម្រេច​បាន​ដែរ”។

បញ្ជាក់​ថា កំឡុង​ការ​ចាយ​ពេល​ក្នុង​អាជីព​បាល់ទាត់​ ១៧ ឆ្នាំ​មក​នេះ Robinho រក​បាន ១៤៦ គ្រាប់​និង Assist ៩០ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៥៥២ ប្រកួត៕ ប្រភព៖ TheSun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT