ប្រាក់​ពលកម្ម​ក្លឹប​ទាំង​មូល​ចំនួន ៣ នៅ Serie A មិន​ស្មើ​ប្រាក់​ពលកម្ម​របស់ Ronaldo​ ​ម្នាក់

Cristiano Ronaldo នា​ពេល​បច្ចុប្បន្ន​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​កីឡាករ​ដែល​ស៊ី​ថ្លៃ​ពលកម្ម​ខ្ពស់​ដាច់​គេ​ប្រចាំ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A ដោយ​មួយ​រដូវ​កាល​ទទួល​បាន​ ៣១ លាន​អឺរ៉ូ។

បើ​តាម​របាយការណ៍​ពី La Gazzetta dello Sport បាន​ចុះ​ផ្សាយ ប្រាក់​ពលកម្ម​របស់​កីឡាករ​ព័រទុយហ្គាល់ គឺ​ខ្ពស់​ជាង​បណ្តា​ក្លឹប​ចំនួន ៣ នៅ Serie A ទៅ​ទៀត ក្នុង​នោះ​មាន​ដូច​ជា​ក្លឹប Spezia ចាយ​អស់ ២២ លាន​អឺរ៉ូ ខណៈ Crotone ​ចាយ​អស់ ២៣ លាន​អឺរ៉ូ និង Verona ចាយ​អស់ ២៤ លាន​អឺរ៉ូ ហើយ​ក្លឹប Udinese គឺ​អស់ ៣១ លាន​អឺរ៉ូ ស្មើ​នឹង​ប្រាក់​ពលកម្ម​របស់ Ronaldo ម្នាក់។

ដោយឡែក​សម្រាប់​ក្លឹប Juventus ទាំង​មូល​វិញ គឺ​មួយ​រដូវ​កាល​ក្លឹប​ចំណាយ​អស់ ២៣៦ លាន​អឺរ៉ូ ហើយ Inter Milan ឈរ​លេខ​បន្ទាប់​ចាយ​អស់ ១៤៩ លាន​អឺរ៉ូ Roma អស់ ១១២ ឡនា​អឺរ៉ូ និង Napoli អស់ ១០៥ ​លាន​អឺរ៉ូ។

បញ្ជាក់​ថា ការ​ប្រកួតប្រជែង​នៅ​ក្របខ័ណ្ឌ Serie A រដូវ​កាល ២០២០/២១ ហើយ​មាន​ការ​ប្រកៀកប្រកិត​ខ្លាំង ដោយ​ត្រឹម ៣ ជុំ​ដំបូង ក្រុម Atalanta និង AC Milan មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ ដោយ​មាន ៩ ពិន្ទុ​ពេញ ហើយ Juventus ទើប​លេង​បាន ២ ប្រកួត ស្មើ ១ ឈ្នះ ១ ឈរ​លេខ​រៀង​ទី ៨ ឯ​ណោះ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT