ភ្នាក់ងារ​រត់ការ (Agent) ​មាន​ការងារ​អ្វី​ខ្លះ​ត្រូវ​ធ្វើ ហើយ​ជា​ទូទៅ​រក​ចំណូល​បាន​ដោយ​របៀប​ណា?

អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​ប្រាកដ​ជា​ធ្លាប់​លឺ​ឈ្មោះ Jorge Mendes ដែល​ជា​ភ្នាក់ងារ​រត់ការ​របស់​កីឡាករ Cristiano Ronaldo និង​អ្នកចាត់ការ Jose Mourinho ក៏​ដូច​ជា​លោក Jonathan Barnett ដែល​រមែង​លេច​ឈ្មោះ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន ដែល​ចេញ​មក​ធ្វើ​ជា​អ្នក​តំណាង​ជំនួស Gareth Bale។

អ្នក​ទាំង​នោះ គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ភ្នាក់ងារ​រត់ការ​ផ្ទាល់​ខ្លួន​ឬ Agent ហើយ​ក្នុង​ពិភព​បាល់ទាត់ ពួក​គេ​មាន​តួនាទី​សំខាន់​ណាស់ ជា​ពិសេស​គឺ​នៅ​ដើម​និង​បញ្ចប់​រដូវ​កាល​នីមួយៗ​នៅ​លើ​ទីផ្សារ​ដោះដូរ។

តើ​អ្នក​ឆ្ងល់​ទេ​ថា ភ្នាក់ងារ​រត់ការ​ទាំង​នោះ​ត្រូវ​ទទួល​បន្ទុក​លើ​ការងារ​អ្វី​ខ្លះ​សម្រាប់​អតិថិជន​ដែល​ជា​កីឡាករ​របស់​ពួក​គេ ហើយ​អាច​ទទួល​បាន​ចំណូល​ដោយ​របៀប​ណា?

តាម​ពិត​ទៅ​គឺ​លើស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​បាន​ដឹង ដោយ​ក្រៅ​ពី​ចរចា​លើ​កុងត្រា​និង​កិច្ច​ព្រមព្រៀង​ផ្ទេរ​ចេញ​ចូល​របស់​កីឡាករ Agent ក៏​មាន​តួ​នាទី​ក្នុង​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​ជា​ម្ចាស់​ឧបត្ថម្ភ​នៅ​ខាង​ក្រៅ​ផ្សេង​ទៀត និង​ជា​អ្នក​រៀបចំ​ទាំង​ស្រុង​នូវ​ការ​បង្ហាញ​ខ្លួន​ទាំង​លើ​ប៉ុស្តិ៍​ទូរទស្សន៍ ឬ​នៅ​សន្និសីទ​សារព័ត៌មាន​ណា​មួយ​សម្រាប់​កីឡាករ។

ដើម្បី​ក្លាយ​ជា​ភ្នាក់ងារ​រត់ការ​ម្នាក់ គឺ​ពុំ​បាន​ទាមទារ​ការ​ឆ្លងកាត់​ប្រលង​យក​អាជ្ញាប័ណ្ណ​អ្វី​ពី UEFA នោះ​ទេ ប៉ុន្តែ​ត្រូវ​តែ​មាន​ចំណេះដឹង​ធំ​ទូលាយ​ទៅ​លើ​ផ្នែក​ច្បាប់ ជា​ពិសេស​គឺ​ច្បាប់​នៃ​កិច្ច​កុងត្រា និង​ចំណេះ​ដឹង​ផ្សេង​ទៀត​លើ​ផ្នែក​គ្រប់គ្រង​អាជីវកម្ម។

និយាយ​ដល់​ចំណូល​របស់​ពួក​គេ សម្រាប់​ភ្នាក់ងារ​ធំៗ​ក្នុង​មួយ​ឆ្នាំ​គឺ​កើប​បាន​ប្រាក់​មិន​ក្រោម​ខ្ទង់​លាន​ដុល្លារ​ឡើយ។ បើ​យើង​លើក​តែ​ចំណុច​នៃ​ការ​ចរចា​កិច្ច​ព្រមព្រៀង​របស់​កីឡាករ គឺ​ពួក​គេ​រមែង​ទទួល​បាន​ភាគលាភ ឬ​យើង​ហៅ​ថា Commission ចំនួន ១០ ភាគរយ​ឡើង​ទៅ ដោយ​ជា​មធ្យម​នៅ Premier League រៀងរាល់​ការ​ចរចា​កីឡាករ​ម្នាក់ គឺ​ទទួល​បាន​ចន្លោះ​ពី ១ ២០០ ទៅ ៥៥០ ០០០ ផោន ខណៈ​នៅ​ក្របខ័ណ្ឌ MLS របស់​អាមេរិក​ទទួល​បាន​ចន្លោះ​ពី ១ ៣០០ ទៅ ២៦០ ០០០ ដុល្លារ។ (បញ្ជាក់៖ មិនមាន​ការ​កំណត់​ថា​ភ្នាក់ងារ​ម្នាក់​អាច​ទទួល​ការងារ​ពី​កីឡាករ​ឬ​អ្នកចាត់ការ​ប៉ុន្មាន​នាក់​ឡើយ)

ជា​ឧទាហរណ៍​ជាក់ស្ដែង​ដូច​ជា​លោក Jorge Mendes ដែល​កាន់​ការងារ​ជាមួយ​កីឡាករ​ច្រើន​ជាង ៨ រូប និង​អ្នកចាត់ការ ១ រូប កំឡុង​កាល​ពី​ឆ្នាំ ២០១៨ ពេល​ Real Madrid លក់ Cristiano Ronaldo ឲ្យ​ទៅ Juventus កាល​នោះ​លោក​ទទួល​បាន​ភាគលាភ​ប្រមាណ​ជាង ១៣ លាន​ដុល្លារ​អាមេរិក​ឯ​ណោះ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT