Son-Heung Min ប្រាប់​មូលហេតុ​ដែល​មិន​ទាន់​យក​ប្រពន្ធ ហើយ​ចាំ​ដល់​ចូល​និវត្ត​ពី​បាល់ទាត់

អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់ ជា​ពិសេស​គឺ​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​អាស៊ី​ប្រាកដ​ជា​ស្គាល់​ច្បាស់​នៅ​កីឡាករ​លេង​នៅ​តំណែង​ប្រយុទ្ធ Son-Heung Min។ ចាប់​តាំង​ពី​ការ​ផ្ទេរ​ចេញ​ពី Bayer Leverkusen មក​ចូលរួម​នៅ Tottenham នា​ឆ្នាំ ២០១៥ កីឡាករ​កូរ៉េ​ខាង​ត្បូង​បាន​វិវត្ត​ខ្លួន​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​មក​ទល់​សព្វថ្ងៃ។

នៅ​រដូវ​កាល ២០២០/២១ នេះ Son រក​បាន​គ្រាប់​បាល់​ចំនួន ៦ គ្រាប់​យ៉ាង​ឆាប់​រហ័ស ដោយ​ចាយ​ពេល​ត្រឹម ៤ ប្រកួត រុញ​ឲ្យ​ឈ្មោះ​របស់​លោក​កំពុង​ឈរ​ចំណាត់ថ្នាក់​កំពូល​ Top Scorer នៅ Premier League។

បង្វែរ​ទៅ​រឿងរ៉ាវ​ជីវិត​ពិត​បន្តិច តើ​អ្នក​ដឹង​ទេ​ថា Son មិន​ទាន់​មាន​ដៃ​គូ​ស្នេហា​ច្បាស់លាស់​នៅ​ឡើយ និង​មួយ​ផ្សេង​ទៀត​ពី​មូលហេតុ​ដែល Son ​ដាក់​គោលដៅ​មិន​យក​ប្រពន្ធ​រហូត​ដល់​ចូល​និវត្ត​ពី​បាល់ទាត់?

កីឡាករ​ពាក់​អាវ​លេខ ៧ របស់​មាន់​ខ្នាយ​មាស​ធ្លាប់​បាន​និយាយ​ថា៖ “ឪពុក​របស់​ខ្ញុំ​បាន​និយាយ​អំពី​រឿង​ហ្នឹង ហើយ​ខ្ញុំ​ក៏​យល់ស្រប​ដូច​គាត់​អ៊ីចឹង​ដែរ ព្រោះ​ជា​ធម្មតា​ពេល​អ្នក​រៀបការ គឺ​គ្រួសារ​ហ្នឹង​ហើយ​សំខាន់​បំផុត បន្ទាប់​មក​ទើប​យើង​គិត​ដល់​បាល់ទាត់ បែប​នេះ​ខ្ញុំ​ចង់​ប្រាកដ​ថា ខ្ញុំ​អាច​ចាប់​យក​ពេលវេលា​នេះ​ខិតខំ​ប្រឹងប្រែង​ឲ្យ​ឈាន​ដល់​ចំណុច​កំពូល​មួយ​សិន ពោល​គឺ​មើល​ឃើញ បាល់ទាត់​ស្ថិត​នៅ​លេខ ១ ក្នុង​បេះដូង”។

Son សង្កត់​ធ្ងន់៖ “ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ថា​ត្រូវ​ការ​ពេល​យូរ​បែប​ណា​ដើម្បី​ឈាន​ដល់​ចំណុច​កំពូល​មួយ​ដែរ តែ​ត្រឹម​ដឹង​ថា​ពេល​យើង​មាន​អាយុ ៣៣ ឬ ៣៤ ឆ្នាំ ឬ​រហូត​ដល់​ពេល​យើង​ចូល​និវត្ត ក៏​យើង​នៅ​តែ​អាច​មាន​គ្រួសារ​បាន​ដែរ”៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT