កីឡាករ ៤ រូប​សារភាព​ចំៗ ធ្លាប់​ជា​អ្នក​គាំទ្រ​ក្លឹប​គូ​ប្រជែង ​មុន​ឈរ​ជើង​នៅ​ក្លឹប​បច្ចុប្បន្ន

ចំណង់ចំណូលចិត្ត​នៃ​ការ​គាំទ្រ​ក្លឹប​បាល់ទាត់​ណា​មួយៗ ក្នុង​ការ​គិត​របស់​មនុស្ស​ម្នាក់ៗ​គឺ​រមែង​មាន​ភាព​ខុស​គ្នា​ទាំង​ស្រុង ខ្លះ​ទៅ​ជា​អ្នក​គាំទ្រ​ក្លឹប Barcelona ខ្លះ​គាំទ្រ​ក្លឹប Real Madrid ខ្លះ​ជា​អ្នក​គាំទ្រ​របស់ Man Utd អ្វី​ជា​ដើម។

សម្រាប់​កីឡាករ​ឯ​ណោះ​វិញ បើ​ស្ម័គ្រស្មោះ​គាំទ្រ​ក្លឹប​ណា​មួយ​តាំង​ពី​ដើម​ហើយ នៅ​ថ្ងៃ​អនាគត​ពួក​គេ​នឹង​ប្តូរផ្តាច់​ចាប់​យក​ឱកាស​ការ​ចូលរួម​លេង​ឲ្យ​ក្លឹប​នោះ​ទាល់​តែ​បាន។ ប៉ុន្តែ​ចម្លែក​អី សម្រាប់​កីឡាករ ៤ រូប​នេះ​វិញ ត្បិត​បើ​បច្ចុប្បន្ន​កំពុង​ឈរ​ជើង​នៅ​ក្លឹប​របស់​ពួក​គេ ប៉ុន្តែ​តាម​រយៈ​ការ​បង្ហើប​ប្រាប់​ត្រង់ៗ កាល​ដើម​ឡើយ​ពួក​គេ​ជា​អ្នក​គាំទ្រ​ក្លឹប​គូ​ប្រជែង​ទេ។

៤) Gareth Bale ធ្លាប់​គាំទ្រ​ក្លឹប Arsenal


Bale ​បច្ចុប្បន្ន​កំពុង​ឈរ​ជើង​នៅ​ក្លឹប Tottenham ​តែ​កាល​ពី​អតីតកាល គេ​ធ្លាប់​និយាយ​ថា៖ “ខ្ញុំ​ចូលចិត្ត​មើល​ការ​លេង​របស់ Arsenal ខ្លាំង​ណាស់ ជា​ពិសេស​គឺ​ការ​លេង​របស់ Thierry Henry ដោយ​ពួក​គេ​ជា​ក្រុម​ល្អ​មួយ សម្រាប់​រឿង​នេះ​ប្រហែល​អ្នក​គាំទ្រ Tottenham មិន​សប្បាយ​ចិត្ត​ទេ ការ​ដែល​ខ្ញុំ​កាន់​អាវ​របស់ Henry”។

៣) Luka Modric ធ្លាប់​គាំទ្រ​ក្លឹប Barcelona


វា​ជា​រឿង​ដែល​ធ្លាយ​ចេញ​ពី​មិត្ត​រួម​ជម្រើស​ជាតិ​របស់ Modric នោះ​គឺ Ivan Rakitic ដោយ​កាល​ពី​ឆ្នាំ ២០១៨ ខ្សែ​បម្រើ​សញ្ជាតិ​ក្រូអាត​បាន​និយាយ​ថា៖ “ពេល​យើង​នៅ​ក្មេង យើង​រមែង​មាន​ក្រុម​ដែល​យើង​ស្រលាញ់​រៀង​ខ្លួន ហើយ​គ្មាន​អ្វី​ត្រូវ​លាក់បាំង​ទេ​សម្រាប់ Luka កាល​នោះ​គាត់​ស្រលាញ់​ក្រុម​ដែល​គ្រោង​ឈុត​ពណ៌​ក្រហម​លាយ​ខៀវ (តំណាង​ឲ្យ Barcelona)”។

២) Raheem Sterling ធ្លាប់​គាំទ្រ​ក្លឹប Man Utd


ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Man City ឯ​ណេះ​វិញ ក៏​ធ្លាប់​និយាយ​ដែរ​ថា៖ “ខ្ញុំ​ពិត​ជា​មិន​គួរ​និយាយ​ពាក្យ​នេះ​ទេ ជា​ពិសេស​គឺ​ពេល​ឥឡូវ​នេះ​តែ​ម្តង ដោយ​កាល​ពី​នៅ​ក្មេង​ខ្ញុំ​ធ្លាប់​ជា​អ្នក​គាំទ្រ​ដ៏​ងប់ងុល​ម្នាក់​របស់​ក្លឹប Man Utd ហើយ​ខ្ញុំ​ក៏​ធ្លាប់​មាន​អាវ​របស់ United ពេល​ពួក​គេ​ឈ្នះ FA Cup ឆ្នាំ ២០០៧ ដែរ”។

១) Paul Pogba ធ្លាប់​គាំទ្រ​ក្លឹប Arsenal

នៅ Premier League កីឡាករ​បារាំង​បាន​លេង​ឲ្យ​តែ​ក្លឹប Man Utd មួយ​ប៉ុណ្ណោះ តែ​ជាក់ស្តែង​ការ​គាំទ្រ​នៅ​កុមារភាព​គឺ​ជា​ក្លឹប​កាំភ្លើង​ធំ​ឯ​ណោះ​វិញ។ ខ្សែ​បម្រើ​ Pogba និយាយ៖ “ស្មោះត្រង់​ទៅ​កាល​ពី​ដើម​ឡើយ ខ្ញុំ​ជា​អ្នក​គាំទ្រ​របស់ Arsenal ទេ ព្រោះ​អ្នក​ដឹង​ស្រាប់​ហើយ​កាល​នោះ​ក្នុង​ក្រុម Arsenal សុទ្ធ​តែ​ជា​កីឡាករ​បារាំង​ភាគ​ច្រើន”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT