ច្បាប់ក្រម​នៅ Liverpool ​ទាល់​តែ​កីឡាករ​ធ្វើ​រឿង​នេះ​បាន​សិន ទើប​អាច​ប៉ះ​ផ្លាក “This Is Anfield”​

នៅ​ឯ​ក្នុង​កីឡដ្ឋាន Anfield របស់​ក្លឹប​ហង្ស​ក្រហម​ Liverpool ​មុន​កីឡាករ​ដើរ​ចូល​ទៅ​កាន់​ទីលាន បើ​ក្រឡេក​មើល​ទៅ​ខាង​លើ​ផ្នែក​ជញ្ជាំង អ្នក​ប្រាកដ​ជា​ឃើញ​ផ្លាក​មួយ​សរសេរ​ថា៖ “THIS IS ANFIELD” អម​និមិត្ត​សញ្ញា​នៃ​ក្លឹប Liverpool។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា ផ្លាក​មួយ​នេះ​មិនមែន​សុទ្ធ​តែ​កីឡាករ​រាល់​គ្នា​អាច​ដើរ​ចេញ​ចូល​ប៉ះ​បាន​ស្រួលៗ​នោះ​ទេ។

វា​ជា​វិន័យ​ដ៏​តឹងតែង​មួយ ដែល​លោក Jurgen Klopp ចាប់ផ្ដើម​សម្រេច​ដាក់​ឲ្យ​ដំណើរការ​ ចាប់​តាំង​ពី​ថ្ងៃ​ទី ៨ ​តុលា ឆ្នាំ ២០១៥ ពេល​ចូល​មក​ដឹកនាំ Liverpool ដោយ​កំណត់​ថា​រាល់​កីឡាករ​ទាំង​អស់​មិន​អនុញ្ញាត​ឲ្យ​ប៉ះ​ផ្លាក “This Is Anfield” បាន​ឡើយ។

ហេតុផល​គឺ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ ចង់​បំផុស​ទឹក​ចិត្ត​ឲ្យ​កីឡាករ​មាន​ការ​ខិតខំ​ប្រឹងប្រែង ព្រោះ​ផ្លាក​នោះ​អាច​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ប៉ះ​បាន លុះ​ត្រា​តែ​ពួក​គេ​ជួយ​ឲ្យ​ក្រុម​ទទួល​បាន​ភាព​ជោគជ័យ​ជា​ដុំកំភួន​មួយ​សិន។ ជា​ឧទាហរណ៍​ដូច​នៅ​ឆ្នាំ ២០១៩ សមាជិក​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp បាន​ធ្វើ​ព្យុះភ្លៀង​ផ្តួល​ក្រុម​ខ្លាំងៗ​យក​ឈ្នះ​ពាន​រង្វាន់​អឺរ៉ុប UEFA Champions League បែប​នេះ​ទើប​ពួក​គេ​អាច​ប៉ះ​ផ្លាក​នោះ​បាន។

ច្បាប់ក្រម​នេះ​បាន​ដំណើរ​មក​ទល់​ពេល​បច្ចុប្បន្ន ហើយ​សូម្បី​តែ​ Thiago Alcantara ដែល​ជា​កីឡាករ​ជួយ​ឲ្យ Bayern ឈ្នះ​ពាន UCL ឆ្នាំ ២០២០ និង​ទើប​ផ្ទេរ​មក​ចូលរួម​នៅ Liverpool ក៏​មិន​ទាន់​ហ៊ាន​ថត​រូប​យក​ដៃ​ទៅ​ប៉ះ​ផ្លាក​នោះ​ដែរ៕

ប្រភព៖ Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT