លោក Rafael Benitez អ្នកចាត់ការក្រុម Newcastle United បាននិយាយថាក្រុមរបស់លោក ចង់បានត្រឹមលេងនៅ Premier League រាល់ឆ្នាំប៉ុណ្ណោះ ខណៈដែលរឿងពានរង្វាន់វិញពិតជានៅឆ្ងាយណាស់។
Benitez ហាក់មិនសប្បាយចិត្តចំពោះការដោះដូរកីឡាកររបស់ក្លឹបឡើយ ត្បិតអីមិនបានចំណាយច្រើននិងទិញកីឡាករតាមការចង់បានឡើយ។ ការនិយាយបែបនេះ មានន័យថាទំនាក់ទំនងរវាងអ្នកចាត់ការល្បីឈ្មោះម្នាក់នេះ និងម្ចាស់ក្លឹបលោក Mike Ashley នោះ គឺឈានដល់ចំណុចក្ដៅហើយ។
អតីតអ្នកចាត់ការក្រុម Liverpool និង Real Madrid រូបនេះបាននិយាយថា៖ “ខ្ញុំមានទំនុកចិត្តលើកីឡាករខ្ញុំបច្ចុប្បន្ននេះ ប៉ុន្តែប្រសិនបើយើងចង់ទៅឱ្យឆ្ងាយជាងរដូវកាលមុននោះ យើងត្រូវធ្វើការផ្លាស់ប្ដូរ។ យើងមិនអាចយកកីឡាករដដែល និងមិនមានអ្វីថ្មី ដើម្បីទទួលបានលទ្ធផលថ្មីឡើយ”។
គិតត្រឹមបច្ចុប្បន្ននេះ Newcastle United បានទិញយកកីឡាករ៥នាក់ហើយ ប៉ុន្តែនៅមិនទាន់គ្រប់តាមការចង់បានរបស់លោក Benitez នៅឡើយទេ។ អ្នកចាត់ការរូបនេះ ចង់បានកីឡាករបន្ថែមទៀតដើម្បីប្រជែងយកពានរង្វាន់៕ប្រភព ៖ DailyMail