Ivan Perisic ​បង្ហើប​ពី​បំណង​ចេញ​ពី Inter Milan ​ហើយ​

Ivan Perisic ​ខ្សែ​បម្រើ​ឆ្នើម​ម្នាក់  បាន​បង្ហើប​ថា​ខ្លួន​នឹង​ចាកចេញ​ពី​ក្លឹប Inter Milan ​ដើម្បី​ទៅ​លេង​នៅ​ក្លឹប​ធំ​មួយ ​ក្នុង​លីគ​ល្បី​ឈ្មោះ ​អង់គ្លេស ​ឬ​អេស្ប៉ាញ។

Manchester United ​ជា​ក្លឹប​មួយ​ដែល​បាន​ចាប់​អារម្មណ៍​ទៅ​លើ​កីឡាករ​សំខាន់​របស់​ជម្រើស​ជាតិ​ក្រូអាត​រូប​នេះ។ ដោយ​ការ​ចង់​បាន​នេះ ​លោក Jose Mourinho ​ដាក់​គោលដៅ​យក​តាំង​ពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ ប៉ុន្តែ​មិន​បាន​សម្រេច ព្រោះ​ថា Inter Milan ​បដិសេធ​មិន​ព្រម​លក់​ឡើយ។ កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​ខ្លួន​កំពុង​សប្បាយ​ចិត្ត​នៅ​អ៊ីតាលី ប៉ុន្តែ​សង្ឃឹម​ថា​ថ្ងៃ​អនាគត​នឹង​បាន​ផ្លាស់​ទៅ​លេង​នៅ​លីគ​ផ្សេង​ជាមួយ​ក្រុម​ខ្លាំង​។

“វា​ជា​រឿង​ពិត​ដែល Inter ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក យើង​មាន​បញ្ហា​ខ្លះ ​ការ​សម្រេច​ចិត្ត​មិន​ត្រឹមត្រូវ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ផល​ល្អ​ក្នុង​ពេល​ឆាប់​ៗ។ ខ្ញុំ​ឮ​ថា​មាន​ក្លឹប​ចង់​បាន​រូប​ខ្ញុំ ​​ប៉ុន្តែ​ពួកគេ​ត្រូវ​និយាយ​ជាមួយ Inter ​សិន ​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត។ មាន​តែ​ព្រះ​ទេ​ទើប​ដឹង​ពី​អនាគត ខ្ញុំ​សប្បាយ​ចិត្ត​នៅ Inter ​ប៉ុន្តែ​គ្មាន​នរណា​ដឹង​ឡើយ​ក្នុង​វិស័យ​បាល់ទាត់ អ្វី​ក៏​កើត​ឡើង​បាន​ដែរ”។ សម្ដី​របស់​ខ្សែ​បម្រើ​ជួយ​ក្រូអាត​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ World Cup 2018៕ប្រភព៖ GOAL

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT