ប្រភេទកីឡាជនពិការរង់ចាំការបើកបញ្ជីខែធ្នូ ឆ្នាំ២០២០ ត្រៀមអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២១ នៅវៀតណាម

ថ្លែងក្រោយបញ្ចប់ការប្រកួតជើងឯកបាល់ទះអង្គុយជនពិការ ឆ្នាំ២០២០ កាលពីម្សិលមិញ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ថា ប្រភេទកីឡាជនពិការកម្ពុជា រង់ចាំការបើកបញ្ជីទទួលការចុះឈ្មោះរបស់ម្ចាស់ផ្ទះ វៀតណាម នាខែធ្នូ ឆ្នាំ២០២០ សម្រាប់ព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាឆ្នាំ២០២១។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ចំពោះប្រភេទកីឡាបាល់ទះអង្គុយរបស់កម្ពុជា មិនសូវអាក់ខានទេក្នុងការចូលរួមប្រកួតប្រជែងក្នុងអាស៊ានប៉ារ៉ាហ្គេមកន្លងទៅ ហើយសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេសហ្វីលីពីន ត្រូវបានលុបចោលដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩ ដោយពេលនោះមាន៤ប្រទេសបានចុះឈ្មោះចូលរួម គឺកម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងប្រទេសថៃ។ ទោះយ៉ាងនេះក្តី ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម នាឆ្នាំ២០២១ខាងមុខនេះ យើងកំពុងទន្ទឹងរង់ចាំការបើកបញ្ជីចុះឈ្មោះរបស់ម្ចាស់ផ្ទះ នាខែធ្នូ ឆ្នាំ២០២០នេះ។

ឯកឧត្តម យី វាសនា បានដាក់ក្តីសង្ឃឹមថា បណ្តាប្រទេសក្នុងអាស៊ាននឹងចុះឈ្មោះចូលរួមប្រកួតប្រជែងមេដាយ នៅវៀតណាម ដោយមានត្រឹម៤ប្រទេសឡើងទៅ ហ្គេមគ្រប់ប្រភេទកីឡានឹងបើកចំហរអាចរៀបចំការប្រកួតលើប្រភេទកីឡានោះបាន។ សម្រាប់ការត្រៀមរបស់ប្រភេទកីឡាជនពិការរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ត្រូវបានឯកឧត្តមបង្ហាញនូវក្តីរីករាយជាខ្លាំង ដែលគ្រូបង្វឹក កីឡាករពិការទាំងអស់សុទ្ធតែប្តេជ្ញាចិត្តខ្ពស់ ជាពិសេសគឺគ្រូបង្វឹក កីឡាករពិការលើប្រភេទកីឡាបាល់ទះអង្គុយ សន្យានៅចំពោះមុខឯកឧត្តមថានឹងដណ្តើមមេដាយមាសឲ្យបាន ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម នាឆ្នាំ២០២១ខាងមុខនេះ។ «ខ្ញុំសែនរីករាយនៅត្រង់នេះ ដែលពួកគាត់មានឆន្ទៈខ្ពស់ ការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនជាជនពិការទាំងអស់ប្តេជ្ញាដណ្តើមយកមេដាយមាសមកជូនជាតិ»។

អគ្គលេខាធិការរូបនេះបានលើកឡើងទៀតថា «តាមស្តង់ដារបច្ចេកទេសអន្តរជាតិ បាល់ទះអង្គុយនេះ ១ក្រុមមាន១៤នាក់ ក្នុងនោះមានគ្រូបង្វឹក២នាក់ គឺគ្រូបង្គោល និងគ្រូជំនួយ ហើយតាមរយៈការប្រកួតនេះ យើងនឹងសម្រិតសម្រាំងកីឡាករឆ្នើមៗសម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២១ផង និងបន្តជ្រើសរើសយុវជនមានពិការភាពពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស ដើម្បីបើកឱកាសជូនដល់ពួកគាត់ ឲ្យចូលរួមក្នុងវិស័យកីឡាជនពិការ ដើម្បីជាតិយើង ដើម្បីកិត្តិយសជនពិការយើង ដើម្បីត្រៀមលក្ខណៈឲ្យកាន់តែរឹងមាំ ក្នុងដំណើរបាញ់ឆ្ពោះទៅទទួលរៀបចំព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ដោយព្រឹត្តិការណ៍កីឡាជនពិការនេះ នឹងប្រារព្ធធ្វើឡើង ក្រោយបញ្ចប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រមាណពីរសប្តាហ៍»៕

 

ប្រភព៖ NOCC

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT