អ្នកចាត់ការ Atletico៖ “Costa និង Suarez អាច​ចាប់ដៃ​លេង​រួម​គ្នា​នៅ​ប្រកួត​តែ​មួយ​បាន”

កាល​ពី​ប្រកួត​ដំបូង​របស់ Luis Suarez ​នៅ​ជំនួប​ទល់ Granada កាល​ពី​ថ្ងៃ​មុន គេ​ត្រឹម​ប្តូរ​ចូល​នៅ​ពាក់​កណ្តាល​តង់​ទី​ពីរ ជំនួស Diego Costa តែ​ប៉ុណ្ណោះ ដែល​រុញ​ឲ្យ​មាន​ចម្ងល់ ចង់​ដឹង​ច្បាស់​ថា តើ​អ្នក​ទាំង​ពីរ​អាច​លេង​រួម​គ្នា​បាន​ដែរ​ឬ​យ៉ាង​ណា?

ពាក់ព័ន្ធ​នឹង​ចម្ងល់​នេះ អ្នកចាត់ការ​ក្លឹប Atletico Madrid លោក Diego Simeone បាន​និយាយ​ថា​អាច​លេង​បាន តែ​ស៊ីសង​លើ​ស្ថានភាព​ជាក់ស្តែង ពោល​មិនមែន​គ្រប់​សណ្ឋាន​នៃ​ការ​ប្រកួត​ឡើយ។

Simeon និយាយ៖ “Costa និង Suarez អាច​ចាប់ផ្តើម​ឬ​ពួក​គេ​អាច​លេង​ក្នុង​ប្រកួត​តែ​មួយ​ជាមួយ​គ្នា​បាន ប៉ុន្តែ​យើង​ក៏​ត្រូវ​មើល​ថា​តើ​ត្រូវ​ដាក់​ឲ្យ​លេង​ពេល​ណា​និង​ក្នុង​ស្ថានភាព​បែប​ណា ដោយ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​សំខាន់ យើង​នឹង​ឃើញ​ថា​តើ​នរណា​អាច​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ”។

សួរនាំ​ដល់​រឿងរ៉ាវ Cavani អំពី​លទ្ធភាព​ដែល​ក្លឹប​អាច​នាំ​គេ​មក​ចូលរួម លោក Simone បន្ត៖ “ខ្ញុំ​នឹង​មិន​និយាយ​អំពី​កីឡាករ​ដែល​មិន​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ ឬ​អ្នក​ដែល​អាច​ជួយ​យើង​លេង​ប៉ះ Huesca បាន​នោះ​ទេ ដោយ​គ្រប់​គ្នា​ស្គាល់​ Cavani ហើយ តែ​យើង​សុំ​ខ្វល់​តែ​ពី​កីឡាករ​ដែល​ត្រូវ​ជួយ​យើង​សម្រេច​គោលដៅ​តែ​ប៉ុណ្ណោះ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT