Costa ថា​ចាប់ដៃគូ​ជាមួយ Suarez ល្អ​តើ ម្នាក់​ពូកែ​ខាំ ម្នាក់​ពូកែ​លោត​ធាក់

Diego Costa និង Luis Suarez ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កីឡាករ​លេង​កាច​នៅ​តំណែង​ប្រយុទ្ធ​ដូច​គ្នា ទី​បំផុត​បាន​ជួប​គ្នា​នាម​ជា​មិត្ត​រួម​ក្រុម​តែ​មួយ​នៅ Atletico Madrid សម្រាប់​រដូវ​កាល​ថ្មី ២០២០/២១ នេះ។

Suarez កាល​ពី​យប់​មិញ​រក​បាន ២ គ្រាប់​និង Assist ១ លើក​នៅ​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង ​ក្រោយ​ប្តូរ​ចូល​ជំនួស​ Costa នៅ​តង់​ទី​ពីរ។ ក្រឡេក​ទៅ​មើល Costa ឯ​ណោះ​វិញ ក៏​បង្ហាញ​អារម្មណ៍​រីករាយ​ការ​ដែល​មាន​វត្តមាន​កីឡាករ​អ៊ុយរុយហ្គាយ​មក​ចូលរួម​ជាមួយ ហើយ​ថែម​ទាំង​និយាយ​បែប​នេះ​ថា៖ “វា​ជា​រឿង​ល្អ ម្នាក់​ពូកែ​ខាំ ម្នាក់​ពូកែ​ហក់​ធាក់ ដោយ​យើង​ពិត​ជា​សំណាង​ដែល​មាន​ Luis ហើយ​ខ្ញុំ​ពិត​ជា​មិន​យល់​ទេ​ថា​ហេតុអ្វី Barca អនុញ្ញាត​ឲ្យ​គាត់​ចេញ”។

លោក​បន្ត​ថា៖ “គេ​នឹង​មក​ជួយ​យើង​ច្រើន​ណាស់ តាម​រយៈ​ការ​សម្រេច​ទី ក៏​ដូច​ជា​ភាព​ស្រេកឃ្លាន​របស់​គេ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ ខ្ញុំ​សង្ឃឹម​ថា​គេ​អាច​ជួយ​យើង​យក​ពាន​ដើម្បី​អ្នក​គាំទ្រ​របស់​យើង​បាន”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT