នាំ​ឲ្យ​ស្គាល់​កីឡាករ​វ័យ​ចំណាស់​ជាង​គេ​ក្នុង​លោក ​មាន​អាយុ ៥៣ ឆ្នាំ​ជា​ជនជាតិ​ជប៉ុន

លោក Kazuyoshi Miura មាន​អាយុ ៥៣ ថ្មីៗ​នេះ​ទើប​តែ​ចារ​ឈ្មោះ​ក្នុង​កំណត់ត្រា​នាម​ជា​កីឡាករ​វ័យ​ចំណាស់​បំផុត​លេង​ឲ្យ​ក្របខ័ណ្ឌ​បាល់ទាត់​ជប៉ុន J-League និង​ជា​កីឡាករ​វ័យ​ចំណាស់​បំផុត​ក្នុង​លោក​ដែល​កំពុង​បន្ត​ឈរ​ជើង​ផង​ដែរ។

បុរស​សញ្ជាតិ​ជប៉ុន​ដែល​បាន​ចុះ​ហត្ថលេខា​ថ្មី​រយៈ​ពេល ១ ឆ្នាំ​កាល​ពី​ខែ​មករា ឆ្នាំ ២០២០ ជាមួយ​ក្លឹប Yokohama FC ក៏​ទើប​តែ​បង្ហាញ​ខ្លួន​នៅ​ជំនួប​ទល់​ក្លឹប Kawasaki ក្នុង​គ្រា​ដែល​លោក​មាន​អាយុ ៥៣ ឆ្នាំ និង ២១០ ថ្ងៃ។

Miura ចាប់​ផ្តើម​ប្រលូក​ក្នុង​អាជីព​បាល់ទាត់​នៅ​ឆ្នាំ ១៩៨២ ហើយ​បាន​វិវត្ត​ខ្លួន​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប​ចាស់​ថ្មី​រាប់​ភ្លេច​មាន​ដូច​ជា Santos, Genoa, Dinamo Zagreb, Sydney FC, Palmeiras និង Coritiba ជា​ដើម សរុប​គឺ​ឆ្លង​ដល់ ៥ ប្រទេស​ឯ​ណោះ។

បុរស​កើត​ឆ្នាំ ១៩៦៧ រូប​នេះ មាន​ជំនាញ​ការ​លេង​នៅ​តំណែង​ប្រយុទ្ធ​កណ្ដាល ប៉ុន្តែ​លោក​ក៏​អាច​លេង​តំណែង​ផ្សេង​ទៀត​ដូច​ជា​ស្លាប​ប្រយុទ្ធ​ឆ្វេង​ស្តាំ និង​តំណែង​បម្រើ​ប្រយុទ្ធ​ផង​ដែរ។ កំឡុង​ការ​ចាយ​ពេល​ជិត ៤០ ឆ្នាំ​លោក​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​បាន ៦៦៤ ប្រកួត រក​បាន ១៨៧ គ្រាប់ រី​ឯ​នៅ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​រក​បាន ៥៥ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន ៨៩ ​ប្រកួត។

គួរ​បញ្ជាក់​ថា Miura គឺ​ជា​កីឡាករ​តែ​មួយ​រូប​គត់​ក្នុង​ជំនាន់​ហ្គេម FIFA 96 ដែល​នៅ​តែ​មាន​វត្តមាន​មក​ទល់​ការ​អាប់ដែត​ដល់​ហ្គេម FIFA 21 ពោល​គឺ​កំណត់ត្រា​ឈរ​ឈ្មោះ​ដល់​ទៅ ២៥ ឆ្នាំ​ឯ​ណោះ​ក្នុង​ហ្គេម​បាល់ទាត់​របស់​ក្រុមហ៊ុន EA Sports៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT