សមាគមអត្តពលិកអូឡាំពិកពិភពលោកផ្តល់កិត្តិយសជូនឯកឧត្តម វ៉ាត់ ចំរើន ដែលជាអតីតកីឡាករឆ្នើម ក្នុងគុណតម្លៃចលនាអូឡាំពិក

សមាគមអត្តពលិកអូឡាំពិកពិភពលោក (WORLD OLYMPIAN ASSOCIATION) បានចេញលិខិតប្រកាសទទួលស្គាល់ជាផ្លូវការជូនចំពោះឯកឧត្តម វ៉ាត់ ចំរើន ដែលជាអតីតកីឡាករអូឡាំពិកឆ្នើមម្នាក់ បានជួយដល់គុណតម្លៃចលនាអូឡាំពិក។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ឯកឧត្តមសូមអរគុណចំពោះការមើលឃើញ និងផ្តល់កិត្តិយសជាសកលនេះ ប៉ុន្តែការផ្តល់កិត្តិយសនេះ មិនមែនសម្រាប់តែឯកឧត្តមម្នាក់នោះទេ ប៉ុន្តែនេះក៏ជាកិត្តិយសសម្រាប់ជាតិខ្មែរទាំងមូល។

មុននឹងប្រែក្លាយខ្លួនមកដល់ចំណុចជាអ្នកជំនាញកីឡាកម្រិតខ្ពស់នេះ ឯកឧត្តម វ៉ាត់ ចំរើន បានចាប់ផ្តើមដំបូងជាអ្នកហ្វឹកហាត់កីឡាប្រយុទ្ធម្នាក់មានច្រើនប្រភេទកីឡា ដូចជាការ៉ាតេដូ ហ្សាំបូ និងចំបាប់ និងធ្លាប់ឆ្លងកាត់ជាកីឡាករជម្រើសជាតិ ចូលរួមក្នុងការប្រកួតកម្រិតអូឡាំពិក នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៦ ក៏ដូចជាធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗនាពេលបន្តបន្ទាប់ជាច្រើនទៀត។

ចូលប្រឡូកក្នុងវិស័យកីឡាកម្ពុជា តាំងពីកុមារភាព ឯកឧត្តមតែងតែបានខិតខំតស៊ូអភិវឌ្ឍខ្លួនពីកីឡាករ រហូតបានក្លាយជាអ្នកជំនាញដឹកនាំសកម្មភាពកីឡា ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នំ២០២៣ (CAMSOC), សហព័ន្ធកីឡាជាតិមួយចំនួន និងមានតួនាទីក្នុងជួររដ្ឋាភិបាល ជារដ្ឋលេខាធិការ ក្រសួងទេសចរណ៍ នាពេលបច្ចុប្បន្ន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT