Vinicius ៖ ខ្ញុំ​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត ​សម្រាប់​តម្រូវ​ការ​ Real Madrid ​

Vinicius ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ​សម្រាប់​ក្រុម Real Madrid ​ក្នុង​ពាន​រង្វាន់ ICC ​ពេល​លេង​ទល់​ក្រុម Manchester United ​ប៉ុន្តែ​លទ្ធផល​មិន​គាប់​ប្រសើរ​នោះ​ទេ​គឺ​ចាញ់ ២-១។

ត្បិត​តែ​បរាជ័យ​ពិត​មែន ប៉ុន្តែ​ការ​ប្រកួត​មួយ​នេះ ​ក្រុម Real Madrid ​បាន​ដាក់​កីឡាករ​ក្មេង​ៗ​ឱ្យ​ចូល​លេង​ជា​ច្រើន​នាក់​ដើម្បី​ឱ្យ​ពួកគេ​បាន​បញ្ចេញ​សមត្ថភាព។ ជាមួយ​គ្នា​នោះ គេ​សង្កេត​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​១៨​ឆ្នាំ​ដែល​ក្លឹប​ទើប​នាំ​យក​ពី​ប្រេស៊ីល​មកVinicius ​ក៏​បាន​ចូល​លេង​និង​បង្ហាញ​បច្ចេកទេស​របស់​ខ្លួន​ផង​ដែរ។ មិន​អាច​រក​គ្រាប់​បាល់​បាន ប៉ុន្តែ​រូបគេ​ត្រូវ​បាន​គ្រូ​បង្វឹក​ជឿ​ជាក់​ថា​ទៅ​ថ្ងៃ​អនាគត​នឹង​ជួយ​ក្រុម​បាន​ច្រើន​ជាក់​ជា​មិន​ខាន។

បាន​ការ​សរសើរ​ពី​គ្រូ​បង្វឹក ​យុវជន​ឆ្នើម​ខាង​លើ​ក៏​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ខ្ញុំ​បាន​បំពេញ​ក្ដី​ស្រមៃ​តាំង​ពី​តូច ​ពាក់​អាវ Real Madrid ​រួច​ហើយ។ គ្រប់​យ៉ាង​គឺ​ល្អ​ណាស់​នៅ​ទី​នេះ ​ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​បន្ត​ទៀត​សម្រាប់​រដូវ​កាល​ខាង​មុខ។ ខ្ញុំ​នឹង​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​ធ្វើ​​តាម​អ្វី​ដែល​ក្លឹប​ចង់​បាន ​និង​សម្រេច​គោល​បំណង​លេង​ឈុត​ធំ​ឱ្យ​បាន”។

កីឡាករ​ថ្នាល​យុវជន​របស់​ជម្រើស​ជាតិ​ប្រេស៊ីល​ខាង​លើ ត្រូវ​ក្លឹប Real Madrid ​ទិញ​យក​ពី​ក្លឹប Flamengo ​ក្នុង​តម្លៃ​ខ្លួន​៤៦​លាន​អឺរ៉ូ។ យ៉ាងណាមិញ ត្រឹម​វ័យ​១៨​ឆ្នាំ​នេះ​រូបគេ​មិន​ទាន់​ប្រាកដ​ថា​ត្រូវ​លេង​នៅ​ឈុត​យុវជន​សិន ឬ​ទៅ​លេង​នៅ​ឈុត​ធំ​តែ​ម្ដង​ទេ ​ដោយ​ត្រូវ​ឆ្លង​កាត់​មើល​សមត្ថភាព​នៅ​ពាន​រង្វាន់​មិត្តភាព​នេះ​សិន៕ប្រភព៖ MARCA

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT