ច្បាស់ហើយ! AFF Suzuki Cup 2020 ដឹង​កាល​បរិច្ឆេទលេង​នៅឆ្នាំ២០២១ហើយ

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នៅថ្ងៃនេះបានប្រកាសថាព្រឹត្តិការណ៍ AFF Suzuki Cup 2020 នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១១ ខែមេសាដល់ថ្ងៃទី ៨ ខែឧសភាឆ្នាំក្រោយបន្ទាប់ពីមានការពន្យារពេលនៃការប្រកួតនៅឆ្នាំនេះ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ។

ប្រធាន AFF លោកឧត្តមសេនីយ៍ឯកខៀវ សាម៉េតបាន​និយាយថា៖” យើងពិតជារីករាយជាមួយនឹងការគាំទ្រជាវិជ្ជមាន ដែលយើងទទួលបានពីសមាគមសមាជិករបស់យើង ហើយយើងអាចរកឃើញនូវបង្អួចសមរម្យមួយនៅឆ្នាំក្រោយ ដើម្បីរៀបចំការប្រកួតដែលរំពឹងទុកខ្ពស់បំផុតរបស់យើង។ ស្របពេលដែលយើងដឹងច្បាស់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតពិភពលោក មិនទាន់ចប់ទេ យើងមានសុទិដ្ឋិនិយមប្រយ័ត្នប្រយែង ដើម្បីឲ្យព្រឹត្តិការណ៍ AFF Suzuki Cup ២០២០ ប្រព្រឹត្តទៅតាមទ្រង់ទ្រាយពេញលេញរបស់ខ្លួន ព្រោះយើងសង្ឃឹមថានឹងផ្តល់ជូនការ​ប្រកួតប្រជែងក្នុងអាស៊ានល្អបំផុតនៅឆ្នាំក្រោយ”។

លោក ខៀវ សាម៉េត ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាន AFF អាណត្តិទី៥ - Domnung.com

“AFF ក៏សង្ឃឹមថាការប្រកាសកាលបរិច្ឆេទនៃការប្រកួតឆ្នាំ ២០២១ នឹងផ្តល់នូវភាពច្បាស់លាស់ក្នុងការរៀបចំផែនការសម្រាប់ដៃគូពាណិជ្ជកម្មរបស់យើង រួមទាំងអ្នកឧបត្ថម្ភ និងប្រព័ន្ធផ្សព្វផ្សាយ នៅពេលមានភាពមិនច្បាស់លាស់នៃកាលបរិច្ឆេទ។ AFF និងសមាគមសមាជិករបស់យើងសូមថ្លែងអំណរគុណដល់អ្នកគាំទ្រ កីឡាករគ្រូបង្វឹក មន្ត្រី ប្រព័ន្ធផ្សព្វផ្សាយ និងដៃគូដទៃទៀតចំពោះការគាំទ្រ និងការប្តេជ្ញាចិត្តរបស់ពួកគេ បើទោះបីជាមានការលំបាកទាំងនេះក៏ដោយ ហើយទន្ទឹងរង់ចាំព្រឹត្តិការណ៍ AFF Suzuki Cup ទូទាំងអាស៊ាន។

ការប្រកួតដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា និងធ្នូឆ្នាំនេះ ព្រឹត្តិការណ៍ AFF Suzuki Cup គឺជាការប្រកួតកីឡាបាល់ទាត់ធំជាងគេ និងមានកិត្យានុភាពបំផុតនៅអាស៊ីអាគ្នេយ៍ ហើយគ្រោងនឹងឃើញក្រុមជម្រើសជាតិទាំងអស់នៃតំបន់នេះប្រកួតប្រជែងដណ្តើមជើងឯក។ AFF នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមនិងដៃគូជាសមាជិកផ្សេងៗដើម្បីផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀតលើការប្រកួតឆ្នាំ ២០២១ នៅពេលឆាប់ៗនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT