Fati ចុះ​ហត្ថលេខា​ថ្មី​នៅ​ឈុត​ធំ Barcelona មាន​តម្លៃ​ផ្តាច់​កុងត្រា ៤០០ លាន​អឺរ៉ូ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Ansu Fati ទី​បំផុត​ត្រូវ​បាន​ក្លឹប Barcelona ប្រកាស​ដាក់​ឈ្មោះ​ឲ្យ​មក​ចូលរួម​លេង​នៅ​ឈុត​ធំ​របស់​ក្លឹប​ជា​ផ្លូវការ​ហើយ ក្រោយ​ពី​បាន​ដើរ​តួ​ជា​កង់​ស្រកួរ​ម្តង​កាល​នា​រដូវ​កាល​ចាស់។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ចុះ​កុងត្រា​ថ្មី ដែល​អាច​ឈរ​ជើង​នៅ​ទឹកដី Camp Nou ដល់​ឆ្នាំ ២០២២ ហើយ​មាន​តម្លៃ​ផ្តាច់​កុងត្រា​ផ្ទេរ​ចេញ​ថ្លៃ​ប្រមាណ ៤០០ លាន​អឺរ៉ូ​ឯ​ណោះ។ ការ​បង្ហាញ​ខ្លួន​របស់​គេ​ជា​លើក​ដំបូង ទំនង​ជា​ធ្វើ​ឡើង​ក្នុង​ការ​ប្រកួត​ទល់ Villarreal។

Fati នឹង​ប្រើប្រាស់​អាវ​លេខ ២២ ជំនួស​ពី​ការ​ប្រើប្រាស់​អាវ​ចាស់​លេខ ៣១ ហើយ​លេខ​ ២២ នេះ ជា​លេខ​អាវ​របស់ Arturo Vidal ដែល​ទើប​ចាកចេញ​ពី​ក្លឹប​កាល​ពី​ពេល​ថ្មីៗ។

បញ្ជាក់​ប្រាប់​នៅ​ការ​ចុះ​ហត្ថលេខា​ថ្មី Fati និយាយ៖ “វា​ជា​ក្តី​ស្រមៃ​របស់​កីឡាករ​រាល់​គ្នា​នៅ​ថ្នាល La Masia តាំង​ពី​ថ្ងៃ​ដំបូង ខ្ញុំ​រីករាយ​ខ្លាំង​ណាស់ នេះ​ហើយ​ជា​គ្រួសារ​របស់​ខ្ញុំ ដោយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​និង​ចង់​បន្ត​រៀនសូត្រ​ពី​មិត្ត​រួម​ក្រុម​បន្ថែម​ទៀត ដើម្បី​ការ​អភិវឌ្ឍ​ខ្លួន”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT