ដឹង​តម្លៃ​ខ្លួន Morata ដែល​មក​ចាប់​ដៃ​គូ​ជាមួយ Ronaldo នៅ Juventus ហើយ!

Alvaro Morata បាន​ហោះ​មក​ដល់​ទីក្រុង Turin ប្រទេស​អ៊ីតាលី​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដោយ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ធ្វើ​តេស្ត​សុខភាព មុន​សម្រេច​ការ​ប្រកាស​ក្លាយ​ជា​កីឡាករ​ផ្លូវការ​របស់​ក្លឹប Juventus។

Morata ធ្លាប់​លេង​ឲ្យ​សេះ​បង្កង់​បាន ២ រដូវ​កាល​ដែរ ចន្លោះ​ឆ្នាំ ២០១៤ ដល់ ២០១៦ គ្រា​ខ្ចី​ជើង​ចេញ​ពី​ក្លឹប Real Madrid ហើយ​នេះ​ជា​លើក​ទី ២ សម្រាប់​លោក​ក្នុង​ការ​មក​បន្ត​អាជីព​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Andrea Pirlo ​និង​ក្លាយ​ជា​ដៃ​គូ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​ជាមួយ​នឹង Cristiano Ronaldo។

តាម​របាយការណ៍​ពី Sky Sport Italia ចុះ​ផ្សាយ​ថា ការ​ផ្ទេរ​របស់ Morata មក Juventus គឺ​ស្ថិត​ក្នុង​កិច្ច​ព្រមព្រៀង​លក្ខខណ្ឌ​ខ្ចី​ជើង​ ១ រដូវ​កាល​ដែល​មាន​តម្លៃ ១០ លាន​អឺរ៉ូ ហើយ​ក្លឹប​អាច​មាន​សិទ្ធ​ទិញ​ផ្តាច់​នៅ​ការ​ចំណាយ ៣៥ លាន​អឺរ៉ូ​បន្ថែម​ទៀត។

គួរ​បញ្ជាក់​ថា ការ​ចាកចេញ​របស់ Morata ក៏​ជា​ការ​បែក​ផ្លូវ​ឲ្យ Atletico Madrid ​កាន់​តែ​ពន្លឿន​ក្នុង​ការ​ចរចា​នាំ​យក​ខ្សែ​ប្រយុទ្ធ​ថ្មី ដោយ​អាច​ជា Luis Suarez ក្រោយ​ល្ហៀងៗ​ថា​ក្លឹប Barcelona ព្រមព្រៀង​បង់​ផ្តាច់​កុងត្រា​សេសសល់​រយៈ​ពេល ១ ឆ្នាំ​របស់​គេ​​ហើយ​នោះ៕ ប្រភព៖ Sky Sport Italia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT