គ្រូ Chelsea ​មិន​សប្បាយ​ចិត្ត​ដែល Willian ​មក​រួម​ក្រុម​យឺត​ពេល

លោក Maurizio Sarri ​គ្រូ​បង្វឹក​ក្រុម Chelsea ​បាន​និយាយ​ថា​មិន​សប្បាយ​ចិត្ត​ទេ ​ចំពោះ​ការ​ត្រលប់​ចូល​ក្រុម​វិញ​យឺត​ពេល​របស់​កីឡាករ Willian ​ដែល​វិស្សមកាល​ក្រោយ World Cup ។

Willian ​កំពុង​មាន​បញ្ហា Passport ​របស់​គេ ដែល​មិន​បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​នៅ​អាមេរិក​បាន​ឡើយ។ កត្តា​ដែល​មក​រួម​ក្រុម​យឺត​នេះ​ដែរ បាន​ធ្វើ​ឱ្យ​លោក Sarri ​ហាក់​មិន​សប្បាយ​ចិត្ត​ឡើយ ​ត្បិត​អី​ក្រុម​ទាំង​មូល​ត្រូវ​ហ្វឹកហាត់​រួម​គ្នា​ឱ្យ​បាន​ច្រើន ព្រោះ​រដូវ​កាល​ថ្មី​កាន់​តែ​កៀក​ចូល​មក​ដល់​ហើយ។ មួយ​វិញ​ទៀត ​ខ្សែ​បម្រើ​រូប​នេះ ​ក៏​កំពុង​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​ផង ទើប​អ្នក​ចាត់ការ​ថ្មី​ចង់​ឱ្យ​ចូល​រួម​ជាមួយ​ក្រុម​ឱ្យ​បាន​លឿន​បន្តិច។

អតីត​អ្នក​ចាត់ការ​ក្រុម Napoli ​ខាង​លើ​បាន​និយាយ​ថា​៖ “ខ្ញុំ​ចង់​និយាយ​ជាមួយ​គាត់។ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ​ចំពោះ​ការ​មក​រួម​ក្រុម​វិញ យឺត​ដល់​៥​ថ្ងៃ​នេះ។ ជាមួយ​ស្ថានភាព​បែប​នេះ ​ខ្ញុំ​ចង់​ឱ្យ​គាត់​មក​វិញ​ឱ្យ​លឿន​នឹង​បាន​និយាយ​គ្នា”។ Willian ​ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ World Cup ​ជាមួយ​ជម្រើស​ជាតិ​ប្រេស៊ីល​មក ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ ​រួម​ទាំង FC Barcelona ​ចង់​ទិញ​២​ដង ប៉ុន្តែ​មិន​បាន​សម្រេច។ បច្ចុប្បន្ន​នេះ Real Madrid ​បាន​ដាក់​តម្លៃ​ខ្លួន​៦៥​លាន​ផោន សម្រាប់​កីឡាករ​ប្រេស៊ីល​រូប​នេះ​៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT