Son Heung-min ក្លាយជា​កីឡាករ​អាស៊ី​ទី ១ ​រក​បាន ៤ គ្រាប់​ក្នុង​មួយ​ប្រកួត​នៅ PL

Tottenham Hotspur បាន​បញ្ចប់​ការ​យក​ឈ្នះ​ទៅ​លើ​ក្រុម​ម្ចាស់​ដី Southampton ក្នុង​លទ្ធផល ៥-២ ដែល​ជា​ការ​សម្រេច​ទី ៤ គ្រាប់​ម្នាក់​ឯង​ពី​សំណាក់​កីឡាករ​ Son Heung-min និង ១ គ្រាប់​ពី Harry Kane។

កំណត់ត្រា​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​ការ​ប្រកួត​នា​ល្ងាច​ថ្ងៃ​អាទិត្យ​មួយ​នោះ ហើយ​ជា​ពិសេស​គឺ​ចារ​ឈ្មោះ​របស់ Son និង Kane ផ្ទាល់​តែ​ម្តង។

សម្រាប់​កីឡាករ​កូរ៉េ​ខាង​ត្បូង ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​អាស៊ី​ដំបូង​បង្អស់​ដែល​អាច​រក​បាន ៤ គ្រាប់​ក្នុង​ប្រកួត​ទោល​នៅ Premier League ​និង​ជា​កីឡាករ​ទី ២៨ ក្នុង​ប្រវត្តិសាស្ត្រ​លីគ​កំពូល​អង់គ្លេស។

ផ្សា​ភ្ជាប់​នឹង​កំណត់ត្រា​ថ្មី​នេះ Son ក៏​និយាយ​ប្រាប់ BT Sport ក្រោយ​ចប់​ការ​ប្រកួត​ថា៖ “វា​ពិត​ជា​អស្ចារ្យ​ការ​ដែល​អាច​រក​បាន ៤ គ្រាប់​នៅ​ប្រកួត​ក្របខ័ណ្ឌ Premier League នេះ​គឺ​ជា​កិត្តិយស​ដ៏​ធំធេង​មួយ ប៉ុន្តែ​បើ​គ្មាន Kane គ្រាប់​បាល់​ទាំង ៤ របស់​ខ្ញុំ​ក៏​មិន​អាច​កើត​ឡើង​ដែរ”។

ក្រឡេក​ទៅ​មើល​កំណត់ត្រា​របស់ Kane ឯ​ណោះ​វិញ ក៏​បាន​ក្លាយ​ជា​អ្នក​ចូលរួម​ចំណែក​ក្នុង​គ្រាប់​បាល់​ទាំង ៥ (Goal 1 + Assist 4) ដែល​ខកខាន​មាន​អ្នក​ធ្វើ​បាន​តាំង​ពី​ខែ​មិនា ឆ្នាំ ២០១៨ ដោយ​អ្នក​គ្រោង​ចាស់​គឺ Mohamed Salah កំឡុង​ការ​ប្រកួត​រវាង Liverpool ទល់ Watford។ ប៉ុន្តែ​នេះ​គឺ​ជា​លើក​ទី ២ ហើយ​ដែល Kane អាច​បំបែក​បាន ព្រោះ​កន្លង​មក​នៅ​ឆ្នាំ ២០១៧ ពេល​លេង​ប៉ះ Leicester កីឡាករ​អង់គ្លេស​ក៏​ធ្លាប់​ធ្វើ​បាន​ម្តង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT