ដឹង​តម្លៃ​ពលកម្ម​ថ្មី ដែល Aubameyang ទទួល​បាន លើ​កុងត្រា​បន្ត​ឈរ​ជើង​នៅ Arsenal ហើយ

ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang បាន​ព្រមព្រៀង​លើ​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Arsenal បន្ថែម​រយៈ​ពេល ៣ ឆ្នាំ ហើយ​ក្នុង​កិច្ច​កុងត្រា​នោះ​គឺ​មាន​តម្លៃ​ប្រមាណ ៥៥ លាន​ផោន​ឬ​ខ្ទង់ ៧០ លាន​ដុល្លារ​ឯ​ណោះ។ នេះ​បើ​តាម​របាយការណ៍​ពី The Times បាន​ចុះ​ផ្សាយ។

ចំពោះ​ទំហំ​ថ្លៃ​ពលកម្ម​របស់​កីឡាករ​វ័យ ៣១ ឆ្នាំ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា មាន​កើន​ឡើង​មួយ​កម្រិត​ទៀត​ផង​ដែរ។ ដោយ​ថ្លៃ​ពលកម្ម​មុន​បន្ត​កុងត្រា​ទទួល​បាន ១៨០ ០០០ ផោន​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍ តែ​ពេល​នេះ​កើន​ដល់ ២៥០ ០០០ ផោន/សប្តាហ៍ ហើយ​បូក​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​អាច​ឡើង​ដល់ ៣៥០ ០០០ ផោន/សប្តាហ៍​ឯ​ណោះ។

បញ្ជាក់​ថា Aubameyang ត្បិត​បើ​មាន​អាយុ​រាង​ជ្រេ​ហើយ​ក្តី តែ​សមត្ថភាព​លេង​របស់​គេ​នៅ​តែ​ជា​ចំណែក​ដ៏​សំខាន់​របស់​កាំភ្លើង​ធំ Arsenal ដដែល។ នៅ​បើក​រដូវ​កាល​ជុំ​ទី ១ កាល​ប៉ះ Fulham កន្លង​ទៅ​នេះ ក៏​រូប​គេ​រក​បាន​ ១ គ្រាប់​ផង​ដែរ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT