ចាយ​ពេល ១៦ ឆ្នាំ​នៅ​អាជីព​ជា​កីឡាករ Zidane ថា​ម្នាក់​នេះ​ពិបាក​តតាំង​បំផុត​លើ​ទីលាន

លោក Zinedine Zidane ​មុន​វិវត្ត​ខ្លួន​មក​ក្លាយ​ជា​អ្នកចាត់ការ​កំពូល​មួយ​រូប​នៅ​ពេល​បច្ចុប្បន្ន ក្រឡេក​ទៅ​អតីតកាល​លោក​ក៏​ធ្លាប់​ឆ្លង​កាត់​អាជីព​ជា​កីឡាករ​ដូច​អ្នក​ឯ​ទៀត​ផង​ដែរ។

អតីត​ខ្សែ​បម្រើ/ប្រយុទ្ធ​សញ្ជាតិ​បារាំង ធ្លាប់​លេង​ឲ្យ​ក្លឹប Cannes នៅ​ឆ្នាំ ១៩៩០ ហើយ​ចូល​និវត្ត​នៅ​ក្លឹប​ចុង​ក្រោយ​បង្អស់​គឺ Real Madrid នា​ឆ្នាំ ២០០៦។ ជាមួយ​ការ​បង្ហាញ​ខ្លួន​ច្រើន​ជាង ៦០០ ប្រកួត​លើ​ទីលាន Zidane អាច​រាប់​ថា​បាន​ឆ្លង​កាត់​ការ​ប្រកួតប្រជែង​គ្រប់​សព្វ មិន​ថា​តែ​ក្នុង​និង​ក្រៅ​ស្រុក។

ធ្លាប់​ប្រាប់​ទៅ​កាន់​សារព័ត៌មាន The Daily Mirror អតីត​កីឡាករ Madrid រូប​នេះ បាន​ចង្អុល​ដល់​ឈ្មោះ​កីឡាករ Man Utd មួយ​រូប ដែល​លោក​គិត​ថា​ជា​គូ​ប្រជែង​ដែល​ពិបាក​តតាំង​បំផុត​លើ​ទីលាន នោះ​គឺ Paul Scholes។

កីឡាករ​ធ្លាប់​ជួយ​ឲ្យ​បារាំង​ឈ្នះ​ជើង​ឯក World Cup និយាយ​ថា៖ “Scholes គេ​ជា​គូ​ប្រជែង​ដ៏​ពិបាក​តតាំង​លើ​ទីលាន ដោយ​អ្នក​នឹង​មិន​សូវ​មាន​ពេល​នៅ​ជាមួយ​បាល់​យូរ​នោះ​ទេ ប្រសិន​មាន​គេ​នៅ​ក្បែរ​អ្នក ពោល​គេ​រមែង​ធ្វើ​ឲ្យ​ការ​លេង​របស់​អ្នក​លើ​ទីលាន​ជួប​រឿង​លំបាក​និង​មិន​ស្រួល​ចិត្ត​នោះ​ឡើយ”។

លោក​សង្កត់​ធ្ងន់៖ “សម្រាប់​ប្រភេទ​កីឡាករ​ដូច​ជា Scholes គឺ​មាន​តែ​អ្នក​ចង់​បាន នាម​ជា​មិត្ត​រួម​ក្រុម​តែ​មួយ ដោយ​មិន​ចង់​ក្លាយ​ជា​គូ​ប្រជែង​ទេ ព្រោះ​គេ​អាច​ធ្វើ​រឿង​ពិសេស​ជា​ច្រើន ដែល​មើល​ទៅ​ហាក់​ងាយស្រួល ដោយ​វា​ជា​សមត្ថភាព​របស់​គេ​ពី​កំណើត”៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT