Barcelona ​ចង់​ទិញ​អ្នក​ចាំ​ទី​របស់​ក្រុមLiverpool ​ធ្វើ​ជា​ដៃ​ទី​២

ក្លឹប FC Barcelona ​ចង់​ទិញ​អ្នក​ចាំ​ទី Simon Mignolet ​ដើម្បី​ធ្វើ​ជា​ដៃ​ទី​២​របស់​ខ្លួន​នៅ​រដូវ​កាល​ក្រោយ ​បន្ទាប់​ពី​ Jasper Cillessen ​ចង់​ចាកចេញ។

Mignolet ​បាន​ចូល​រួម​ជាមួយ Liverpool ​នៅ​ឆ្នាំ​២០១៣ ​និង​បាន​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​ក្នុង​ក្លឹប​នេះ​ផង​ប៉ុន្មាន​រដូវ​កាល​ផង​ដែរ។ ​យ៉ាងណាមិញ ​ក្រោយ​ពី​ធ្លាក់​ទឹក​ដី ​រូបគេ​បាន​ធ្លាក់​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​២​វិញ ​ក្រោយ​វត្តមាន​របស់ Loris Karius ។ បន្ទាប់​មក​ទៀត ​ក្រុម​ហង្ស​ក្រហម​រដូវ​កាល​នេះ​ក៏​បាន​ទិញ​អ្នក​ចាំ​ទី​ថ្មី​ម្នាក់​ទៀត​ Alisson ​ក្នុង​តម្លៃ​ខ្លួន​៦៥​លាន​ផោន ​ធ្វើ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​រ​បស់​ពួកគេ។ ដូច្នេះ​ហើយ Mignolet ​អាច​នឹង​ធ្លាក់​ដល់​ដៃ​ទី​៣​ក្នុង​ក្រុម​ទៅ​ហើយ។

ដូច្នេះ​ហើយ ​ទើប​បាន​ជា​ក្រុម FC Barcelona ​មើល​ឃើញ​និង​ចង់​បាន​រូបគេ​ទៅ​លេង​ឱ្យ។ ​ក្លឹប​នៅ​អេស្ប៉ាញ​នេះ ​បាន​ដាក់​តម្លៃ​ខ្លួន​រូបគេ​ដល់​១២​លាន​ផោន ​ដើម្បី​ឱ្យ​ក្លឹប Liverpool ​ព្រម​លក់។ ប្រសិន​បើ​ទិញ​បាន​មែន ​នោះ​ក្លឹប FC Barcelona ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ចាំ​ទី Cillessen  ​ចាកចេញ​ហើយ ព្រោះ​សាមី​ខ្លួន​ចង់​ចាកចេញ​ទៅ​រក​ក្លឹប​មួយ​អាច​បាន​លេង​ច្រើន​ប្រកួត៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT