គ្រូ​ធំ Juventus បង្ហើប​ចំៗ​ថា​ពិត​ជា​ចង់​បានខ្សែ​ប្រយុទ្ធ​ថ្មី​ចូល​ក្រុម​ឆាប់ៗ

អ្នកចាត់ការ​របស់​ក្លឹប Juventus គឺ​លោក Andrea Pirlo ​ថ្មីៗ​នេះ​បាន​សង្កត់​ធ្ងន់​ថា ​លោក​ពិត​ជា​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ថ្មី​ដើម្បី​មក​ចូលរួម​ទាំង​ដែល​រដូវ​កាល ២០២០/២១ នៅ Serie A ត្រៀម​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ។

មក​ទល់​ពេល​ចុង​ក្រោយ សូម្បី​តែ​សាមី​ខ្លួន​លោក​ផ្ទាល់​ក៏​មិន​ទាន់​បង្ហើប​ថា អាច​ជា​នឹង​យក​នរណា​នោះ​ដែរ តែ​បើ​តាម​ចចាមអារ៉ាម​គឺ​មាន​ដូច​ជា Luis Suarez, Olivier Giroud និង Edin Dzeko ជា​ដើម។

ប្រាប់​ទៅ​កាន់​សារព័ត៌មាន Sky Sport Italia លោក Pirlo និយាយ៖ “ខ្ញុំ​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ថ្មី​កាន់​តែ​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​នៅ​លើ​ទីផ្សារ​ដោះដូរ​ក៏​សល់​រយៈ​ពេល​យូរ​ណាស់​ដែរ អ៊ីចឹង​យើង​មាន​ពេល​ធ្វើ​ការ​លើ​រឿង​នេះ​ដល់​ថ្ងៃ​ទី ៤ ​តុលា​ឯ​ណោះ”។

បញ្ជាក់​ថា Juventus ទើប​តែ​បាន​យក​ឈ្នះ ៥-០ នៅ​ប្រកួត​មិត្តភាព​ទល់ Novara កាល​ពី​ម្សិល​មិញ ហើយ​ប្រកួត​បន្ទាប់​របស់​ក្រុម​នឹង​ត្រូវ​តតាំង Sampdoria នា​សប្តាហ៍​ក្រោយ​ដែល​ជា​ជុំ​ទី ១ ក្របខ័ណ្ឌ Serie A៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT