Neymar ថា​ស្ដាយ​ដែល​មិន​បានដាល់​មួយ​ដៃ​ចូល​មុខ កីឡាករ Marseille ដែល​បាន​រើសអើង​ខ្លួន

ជំនួប​បរាជ័យ​ដែល Marseille បាន​យក​ឈ្នះ ១-០ ទៅ​លើ​ក្លឹប PSG ក៏​បាន​បន្សល់​រឿងរ៉ាវ​ឈឺចាប់​មួយ​ចំនួន​នៅ​លើ​ទីលាន​ប្រកួត នោះ​គឺ​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​រវាង​ក្រុម​ទាំង​ពីរ។

ខ្សែ​ប្រយុទ្ធ​ស្លាប​ប្រេស៊ីល​រង​ពិន័យ​កាត​ក្រហម​ចុង​ម៉ោង ដែល​ស្ថិត​ក្នុង​ចំណោម​កីឡាករ ៥ រូប​ត្រូវ​បាន​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត នៅ​ឯ​កីឡដ្ឋាន Parc des Princes នៅ​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។

Neymar បាន​ប៉ះ​ទង្គិច​ជាមួយ Alvaro ដល់​ថ្នាក់​យក​ដៃ​ទៅ​ទះ​ក្បាល​ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ​ក្រោម​ហេតុផល​ដែល​បាន​លើក​ឡើង​ដដែលៗ គឺ​ចោទ​ថា Alvaro ប្រើ​ពាក្យ​រើស​អើង​ជាតិសាសន៍​ខ្លួន និង​ហៅ​ខ្លួន​ថា​ជា “អា​កូន​ស្វា” ថែម​ទៀត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://twitter.com/i/status/1305255624381530120

ប៉ុន្តែ​ក្រោយ​ចប់​ការ​ប្រកួត Neymar បែរ​ជា​បង្ហោះ​សារ​លើ Twitter ដោយ​ដុត​កម្តៅ​ឲ្យ​ឆេះ​បន្ថែម​ទៀត​លើ​រឿង​នេះ តាម​រយៈ​សារ​ដែល​សរសេរ​ថា៖ “អ្វី​ដែល​ខ្ញុំ​សោកស្ដាយ​បំផុត គឺ​មិន​បាន​ដាល់​ចូល​មុខ​អា​មនុស្ស​ចង្រៃ​នោះ”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT