គ្រូ Leeds United ​មិន​បន្ទោស ​Rodrigo ​ដែល​បង្ក​កំហុស​ចុង​ម៉ោង​ឱ្យ Liverpool ​ឈ្នះ​ទេ​

ក្រុម Leeds United ​បាន​ប្រកួត​បើក​ឆាក​លីគ​អង់គ្លេស ​ប៉ះ​ក្រុម Liverpool ​និង​ចាញ់​ក្នុង​លទ្ធផល​ប្រដេញ​គ្នា ​៤-៣ ​នៅ​យប់មិញ​នេះ​។​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Liverpool ​ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​វាយ​សម្រុក​យ៉ាង​ខ្លាំង ​ប៉ុន្តែ​ក៏​ត្រូវ​ក្រុម Leeds United ​វាយ​បក​បាន​វិញ​ជា​បន្ដ​បន្ទាប់​ផង​ដែរ។ ​ការ​ប្រកួត​នេះ ​ក្រោយ​ពី​ស្មើ​គ្នា ៣-៣ ​ហើយ ​នៅ​ចុង​ម៉ោង​ក៏​ស្រាប់​តែ Rodrigo ​បង្ក​កំហុស​ធ្វើ​ឱ្យ​ក្រុម Liverpool ​មាន​ឱកាស​ទទួល​បាន​ប៉េណាល់​ទី​១​គ្រាប់ ​និង​ជា​គ្រាប់​បាល់​ជ័យជម្នះ​ផង​ដែរ។

​ចំពោះ​កំហុស​របស់ Rodrigo ​នេះ​ដែរ ​លោក Marcelo Bielsa  ​អ្នក​ចាត់ការ​ក្រុម Leeds United ​មិន​បន្ទោស​កូន​ក្រុម​តែ​ម្នាក់​នោះ​ទេ សម្រាប់​កំហុស​នេះ។ ​ដោយ​លោក​អះអាង​ថា​ក្រុម Liverpool ​ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​ប្រកួត​មួយ​នេះ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​យក​ជ័យជម្នះ​បាន។ តែ​យ៉ាងណាមិញ ​លោក Marcelo ​ក៏​មើល​ឃើញ​ថា​ក្រុម​ខ្លួន ​បាន​បង្កើត​ឱកាស ​និង​បង្ហាញ​ថា​ពួកគេ​សក្ដិសម​ណាស់​សម្រាប់​ការ​ប្រកួត​នៅ​លីគ​កំពូល​អង់គ្លេស​នេះ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT