Inter Milan ​ចាប់​អារម្មណ៍​ទិញ​យក Luka Modric ​ពី Real Madrid

Real Madrid ​អាច​នឹង​បាត់​បង់​ខ្សែ​បម្រើ​សំខាន់​របស់​ខ្លួន​ម្នាក់​ទៀត​ហើយ ​ក្រោយ​ពី​ក្លឹប Inter Milan ​កំពុង​តែ​តាម​ប្រមាញ់​យក Luka Modric ​នា​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ។

ក្រោយ​ពី​ការ​ចាកចេញ​របស់ Cristiano Ronaldo ​មក ​កីឡាករ​ចាស់​ៗ​នៅ​ក្លឹប Real Madrid ​កំពុង​តែ​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ទាក់ទង​ទិញ ​ដោយ​ក្នុង​នោះ​ក៏​មាន Luka Modric ​ម្នាក់​ផង​ដែរ។ Inter Milan ​ជា​ក្លឹប​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​បម្រើ​រូប​នេះ​ជាង​គេ ​ហើយ​ក៏​ជា​ក្លឹប​មាន​សង្ឃឹម​ច្រើន​ផង​ដែរ ព្រោះ​បច្ចុប្បន្ន​ក្នុង​ក្រុម​មាន​កីឡាករ​សញ្ជាតិ​ក្រូអាត​៣​នាក់​ទៅ​ហើយ​គឺ Marcelo Brozovic, Ivan Perisic ​និង Sime Vrsaljko។ ស្រប​ពេល​ដែល​បច្ចុប្បន្ន​នេះ Modric ​ក៏​កំពុង​សម្រាក​លំហែ​កាយ​នៅ​ទឹក​ដី​អ៊ីតាលី​ផង​ដែរ។

ត្បិត​តែ​ការ​ចាប់អារម្មណ៍ ​និង​កាសែត​អ៊ីតាលី​ជា​ច្រើន​បាន​ចុះ​ផ្សាយ​មែន ប៉ុន្តែ​ពួកគេ​មិន​មាន​បញ្ជាក់​ពី​តម្លៃ​ខ្លួន​ឡើយ ត្បិត​អី​កីឡាករ​ពាក់​អាវ​លេខ​១០​នេះ ​អាច​នឹង​មាន​តម្លៃ​ខ្លួន​ខ្ពស់ ព្រោះ​រូបគេ​ទើប​តែ​ជាប់​ឈ្មោះ​ជា​កីឡាករ​លេង​ល្អ​ជាង​គេ​នៅ World Cup 2018។ ​មួយ​វិញ​ទៀត ​បើ​តាម​បទ​ពិសោធ​ឈ្នះ​ពាន​ជា​ច្រើន​នៅ Real Madrid ​ផង​នោះ ​តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ​៣២​ឆ្នាំ​ក៏​មិន​ថោក​ដែរ៕ប្រភព៖ DailyMail

 

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT