Marcelo រីករាយ​នឹង​ការ​ចាកចេញ​ពី Real តែ​ត្រូវ​រាំងស្ទះ​ដោយសារ​រឿង​ចម្បង​នេះ

ខ្សែ​ការពារ Marcelo ​នៅ​រយៈ​ពេល​ចុងក្រោយ​លែង​ក្លាយ​ជា​ចំណែក​សំខាន់​របស់​ក្លឹប Real Madrid ត​ទៅ​ទៀត​ហើយ ក្រោយ​មាន​យុវជន​ថ្មី​មក​ជំនួស​តំណែង​របស់​លោក នោះ​គឺ Ferland Mendy។

ដោយសារ​ហេតុផល​នេះ​ហើយ ទើប​រុញ​ឲ្យ​កីឡាករ​ប្រេស៊ីល​កាន់​តែ​ពុះកញ្រ្ជោល​ក្នុង​ការ​ចង់​ចាកចេញ ហើយ​បើ​តាម​របាយការណ៍​ពី AS បង្ហើប​ឲ្យ​ដឹង​ថា Marcelo ពិត​ជា​រីករាយ​នឹង​ការ​ចែក​ផ្លូវ​ជាមួយ​ក្លឹប។

ក្នុង​នោះ​មាន​ក្លឹប ២ កំពុង​តាម​មើល​កីឡាករ​វ័យ ៣២ ឆ្នាំ​រូប​នេះ​ជាប់​បំផុត គឺ Juventus និង Inter Milan ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា គឺ​ការ​ចរចា​មិន​អាច​សម្រេច​ទៅ​បាន ដោយសារ​តែ​ថ្លៃ​ពលកម្ម​ហួស​ប្រមាណ​របស់​កីឡាករ​អាយុ​ជ្រេ ៣០ រូប​នេះ។

Marcelo សេសសល់​កុងត្រា ២ ឆ្នាំ​ទៀត​ជាមួយ Real ហើយ​មួយ​រដូវ​កាល​គេ​កើប​បាន​ថ្លៃ​ពលកម្ម​ប្រមាណ ៨ លាន​អឺរ៉ូ ដែល​នេះ​រាប់​ជា​ទំហំ​ថ្លៃ​ពលកម្ម​ដ៏​ច្រើន​លើសលប់​មួយ ជា​ពិសេស​គឺ​ក្នុង​ស្ថានភាព​វិបត្តិ​ COVID-19 មិន​ថា​ក្លឹប​ធំ​តូច សុទ្ធ​សឹង​តែ​ប្រឈម​បញ្ហា​ហិរញ្ញវត្ថុ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT