អ៊ុំ វិចិត្រទន្ទឹងរង់ចាំការ​ប្រកួត​ជាមួយវិសាខា​ព្រោះការ​ប្រកួតដូចវគ្គផ្ដាច់ព្រ័ត្រ

« សម្រាប់ការប្រកួតនេះមិនថាខ្ញុំ និងមិត្តរួមក្រុមគឺពួកយើងបន់ឲ្យតែដល់ថ្ងៃប្រកួត ព្រោះការប្រកួតទាំង៤ដែលសេសសល់គឺដូចជាការប្រកួតផ្តាច់ព្រ័ត្រ » ។នេះ​គឺ​ជា​សម្ដី​របស់ អ្នក​ចាំ​ទី​ក្លិប​ភ្នំពេញ​ក្រោន​កីឡាករ អ៊ុំ វិចិត្រ​និយាយ​អំពី​ការ​ប្រកួតជាមួយ​ក្រុមបាល់ទាត់​វិសាខាក្នុងពាន​រង្វាន់ Metfone Cambodian League 2020 សប្ដាហ៍​ទី១៥។

ជុំវិញនឹងការប្រកួតនេះអ្នកចាំទីដៃទីមួយរបស់ភ្នំពេញក្រោនគឺកីឡាករអ៊ុំ វិចិត្របានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាគឺក្រុមរបស់ខ្លួនចង់លេងការប្រកួតនេះណាស់ ព្រោះវាដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រអញ្ចឹងសម្រាប់ការប្រកួតដែលសេសសល់ទាំងប៉ុន្មាននេះ ។

« បន្ទាប់ពីយើងឈ្នះស្វាយរៀងមកទឹកចិត្តក្រុមរបស់យើងកាន់តែខ្លាំងជាងមុន ដោយសារតែយើងលេងមិនសូវមានសម្ពាធច្រើនដូចមុន ប៉ុន្តែការប្រកួតដែលនៅសល់នេះយើងពិតជាចង់ឈ្នះមែនទែន ។ នៅពេលដែលយើងលេងមិនខ្លាចចាញ់ អញ្ចឹងម្នាក់ៗមានទំនុកចិត្តក្នុងការលេង ជាក់ស្តែងដូចជាការប្រកួតជាមួយស្វាយរៀងកីឡាករមានរបួសច្រើន និងមានការផ្លាស់ប្តូរកីឡាករបំរុងចូលក៏ពួកគាត់ម្នាក់ៗបង្ហាញទម្រង់លេងយ៉ាងល្អ ព្រោះពួកគាត់ចង់បង្ហាញពីអ្វីដែលគាត់មាន » ។

សម្រាប់ការប្រកួតជាមួយវិសាខានាថ្ងៃសៅរ៍នេះ អ្នកចាំទីមានបទពិសោធន៍ច្រើនរូបនេះបានបញ្ជាក់ថា៖ « ខ្ញុំដឹងថាការប្រកួតជាមួយវិសាខាមិនមែនជាការប្រកួតដែលងាយស្រួលនោះទេ ដូចជាជើងទីមួយយើងបានត្រឹមស្មើជាមួយពួកគេក្នុងដីប៉ុណ្ណោះ ប៉ុន្តែលើកនេះខ្ញុំគិតថាមិនអីនោះទេ ខ្ញុំសង្ឃឹមថាពួកយើងនឹងធ្វើបានល្អដូចការប្រកួតជាមួយនឹងស្វាយរៀងដែរ » ។

សួមបញ្ជាក់ថាការប្រកួតលីគកំពូលកម្ពុជាកាន់តែខិតជិតបញ្ចាប់ដោយនៅសល់ត្រឹមតែ១ខែជាងទៀតប៉ុណ្ណោះ ហើយសម្រាប់តារាងពិន្ទុនាពេលបច្ចុប្បន្ននោះគឺក្រុមភ្នំពេញក្រោនមាន២៥ពិន្ទុឈរនៅលេខរៀងទី៣ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT