Juventus ​ងាក​ទៅ​ចាប់​អារម្មណ៍​Giroud ​វិញ ​ក្រោយ​ពី Suarez ​ពិបាក​យក​ពេក​

ក្រុម Juventus ​ចាប់​ផ្ដើម​ងាក​មក​ចាប់​អារម្មណ៍​ខ្សែ​ប្រយុទ្ធ ​Olivier Giroud ​របស់​ក្រុម Chelsea ​វិញ​ហើយ បន្ទាប់​ពី​ការ​ចរចា​យក​ខ្សែ​ប្រយុទ្ធ Luis Suarez ​នៅ​ជាប់​គាំង​មិន​ទាន់​ទៅ​មុខ​រួច។

​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ​ក្រុម Juventus ​តាម​ទិញ Suarez ​ខ្លាំង​មែនទែន ​រហូត​ដល់​មាន​ដំណឹង​ថា​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ថែម​ទៀត​ផង។ ​តែ​បន្ទាប់​ពី Messi ​បាន​សម្រេច​ចិត្ត​បន្ដ​លេង​នៅ​ក្រុម Barcelona ​ទៀត​មក ​ក៏​ស្រាប់​តែ​ការ​ចរចា​នោះ​នៅ​ត្រឹង​មិន​មាន​អ្វី​ប្រែប្រួល​ទៅ​មុខ​ទៀត​នោះ​ទេ។ ​ដោយ​សាមី​ខ្លួន Suarez ​ក៏​បាន​បង្ហោះ​ថា​រឿង​ចាកចេញ​ទាំង​អស់​សុទ្ធ​តែ​មិន​ពិត​ថែម​ទៀត​ផង។

​ដោយសារ​តែ​មើល​ទៅ​មិន​ស្រួល​នេះ​ហើយ ទើប​បាន​ជា​ក្រុម Juventus ​សម្រេច​ចិត្ត​ប្ដូរ​គោលដៅ​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​ទៅ​ហើយ។ ​ពួកគេ​បាន​មើល​ឃើញ Giroud ​របស់​ក្រុម Chelsea ​ជា​ជម្រើស​មួយ​ទៀត។ ​ដោយសារ​តែ Chelsea ​ទិញ​ខ្សែ​ប្រយុទ្ធ​ក្មេង​ៗ​មក​យ៉ាង​ច្រើន ​ដូច្នេះ​ទើប​ក្រុម​សេះ​បង្កង់​មើល​ឃើញ​ថា​ឱកាស​លេង​របស់​កីឡាករ​បារាំង​នេះ​ទំនង​ជា​មិន​មាន​ច្រើន​ទេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT