Nagasato ក្លាយ​ជា​មនុស្ស​ស្រី​ដំបូង​ក្នុង​លោក ដែល​ចូល​លេង​ឲ្យ​ក្រុម​បាល់ទាត់​បុរស

Yuki Nagasato ​​ជា​កីឡាការនី ធ្លាប់​ជួយ​ឲ្យ​ក្រុម​បាល់ទាត់​ផ្នែក​នារី​ជម្រើស​ជាតិ​ជប៉ុន​ឈ្នះ​ពាន World Cup កាល​ពី​ឆ្នាំ ២០១១ថ្មីៗនេះបាន​ប្រែ​ក្លាយ​ជា​នារី​ដំបូង​ក្នុង​លោក ដែល​ប្រកប​អាជីព​នៅ​ក្រុម​បាល់ទាត់​ផ្នែក​បុរស។

ស្រ្តី​វ័យ ៣៣ ឆ្នាំ ជា​អតីត​កីឡាការនី​របស់​ក្រុម Chicago Red Stars នៅ​ឯ​សហរដ្ឋអាមេរិក ហើយ​សម្រាប់​រដូវ​កាល​ថ្មី​បាន​សម្រេច​ការ​ផ្ទេរ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង មក​កាន់​ក្រុម​នៅ​ឯ​ប្រទេស​ជប៉ុន Hayabusa Eleven ដែល​នេះ​ជា​ក្រុម​កម្រិត​អាជីព​មួយ​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​មិនមែន​ស្ថិត​នៅ​លីគ​លំដាប់​ទី​មួយ J-League នោះ​ឡើយ។

ប្រាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ Nagasato និយាយ​ថា៖ “ខ្ញុំ​ចង់​ផ្ញើ​សារ​នេះ​ទៅ​កាន់​ក្មេងៗ​ស្រី​ទាំង​អស់ ដែល​កំពុង​លេង​បាល់ទាត់​ជាមួយ​ក្មេង​ប្រុសៗ​ថា ​ជា​ការ​ពិត​ណាស់​នារី​គឺ​មាន​សិទ្ធ​អាច​ចូលរួម​លេង​នៅ​ក្រុម​របស់​បុរស និង​ធ្វើ​ការ​ប្រកួតប្រជែង​គ្នា​បាន”។

នាង​សង្កត់​ធ្ងន់​ ការ​មក​ចូលរួម​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បំផុស​ពី​កីឡាការនី​បាល់ទាត់​អាមេរិក​ល្បី​ឈ្មោះ​គឺ Megan Rapinoe ដោយ Nagasato បន្ត​ថា៖ “វា​ពិត​ជា​បាន​បំផុស​ចិត្តគំនិត​ខ្ញុំ​ខ្លាំង​បំផុត នៅ​ពេល​ដែល​លឺ​អំពី​ការ​ជជែក​ពាក់ព័ន្ធ​នឹង​វិសមភាព Gender ​ហើយ​និង​សារ​ដទៃ​ទៀត​ដែល Rapinoe ព្យាយាម​លើក​មក​បង្ហាញ​កំឡុង​ព្រឹត្តិការណ៍ World Cup ២០១៩”។

គួរ​រំឭក​ថា បង​ប្រុស​របស់​នាង​ឈ្មោះ Genki ក៏​ជា​អតីត​កីឡាករ​នៅ​ក្របខ័ណ្ឌ J-League មួយ​រូប​ផង​ដែរ ហើយ​លោក​បាន​ទម្លាយ​ថា ការ​មក​ចូលរួម​នៅ​ក្រុម​បាល់ទាត់​បុរស គឺ​ជា​ក្តី​ស្រមៃ​ដែល​មិន​អាច​បំភ្លេច​បាន​មួយ​របស់​ Nagasatoតាំង​ពី​ដំបូង​មក​ម្ល៉េះ បែប​នេះ​នាម​ជា​បង​ប្រុស ត្រូវ​តែ​ជួយ​សម្រេច​ក្តី​ស្រមៃ​ប្អូន​ស្រី​របស់​ខ្លួន​ឲ្យ​បាន៕

ប្រភព៖ CBC | Bleacher Report

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT