Rodrygo៖ “រដូវ​កាល​ដំបូង​របស់​ខ្ញុំ​ជាមួយ Real ល្អ​ហើយ តែ​ខ្ញុំ​ចង់​ឈ្នះ​ពាន​បន្ថែម​ទៀត”

Rodrygo Goes ដែល​ផ្ទេរ​មក​ចូលរួម​ជាមួយ Real Madrid នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​កន្លង​ទៅ បាន​ឆ្លងផុត​រដូវ​កាល​ទី​មួយ​របស់​ខ្លួន​ហើយ ជាមួយ​ការ​ឈ្នះ​ពាន​រង្វាន់​ធំ ២ ជាមួយ​ក្លឹប​មាន​ដូច​ជា LaLiga និង Supercopa de Espana។

ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​រដូវ​កាល​ដំបូង កីឡាករ​វ័យ ១៩ ឆ្នាំ​និយាយ​ថា៖ “វា​ពិត​ជា​រដូវ​កាល​ដំបូង​ដ៏​ល្អ​បំផុត​មួយ​នៅ Real Madrid តែ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ ដោយ​ខ្ញុំ​ចង់​ប្រជែង​ឈ្នះ​ពាន ការ​រក​បាន​គ្រាប់​បាល់ និង Assist បន្ថែម​ទៀត ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​ការ​មាន​ឱកាស​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​ផង​ដែរ ដែល​វា​ជា​ភារកិច្ច​ចម្បង​មួយ​ខ្ញុំ​ដាក់​គោលដៅ​សម្រាប់​ឆ្នាំ ២០២១”។

បញ្ជាក់​ថា Rodrygo បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​សាំបា​ប្រេស៊ីល​លើក​ដំបូង នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ដោយ​ចូលរួម​​លេង​បាន ៣១ នាទី​លើ​ទីលាន កំឡុង​ប្រកួត​មិត្តភាព​ពេល​ប៉ះ​អាហ្សង់ទីន និង​កូរ៉េ​ខាង​ត្បូង។

ជាមួយ Real Madrid រដូវ​កាល ០២១៩/២០ គេ​បង្ហាញ​ខ្លួន​បាន ២៩ ប្រកួត រក​បាន ៩ គ្រាប់​និង Assist ៣ លើក៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT