ចេញ​ហើយ! កាលបរិច្ឆេទជើង​ទី២ពាន Hun Sen Cup 2020 វគ្គ៨ក្រុមចុង​ក្រោយ

គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលជាគណៈកម្មការគ្រប់ គ្រងការប្រកួតបាល់ទាត់ទាំងពីក្របខ័ណ្ឌបានបង្ហាញកម្មវិធីប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល២០២០ សម្រាប់វគ្គជម្រុះជើងទី២ វគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤ផ្តាច់ព្រ័ត្រ ដែល គ្រោងនឹងចាប់ផ្តើមនាថ្ងៃទី០៧ និងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។

សម្រាប់ការប្រកួតជម្រុះជើងទី២ដែលជាការផ្លាស់ប្តូរទិសដៅ ដើម្បីស្វែងរកក្រុមខ្លាំងៗចំនួន៤ ឡើងទៅវគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយកាលពីជើងទី១ ក្រុមគិរីវង់សុខសែនជ័យ ចាញ់ភ្នំពេញក្រោន ១-២, ព្រះខ័ន​រាជស្វាយរៀង ស្មើជាមួយ ណាហ្គាវើល ២-២, ក្រុមជើងឯកថ្នាក់ខេត្ត ក្រុមខេត្តព្រៃវែងចាញ់កងយោធពល​ខេមរភូមិន្ទ ០-១ និងក្រុមការពារដំណែងជើងឯក បឹងកេត ស្មើជាមួយវិសាខា ១-១ ហើយ៤ប្រកួតនេះ​នឹងត្រូវជួបគ្នាជើងទី២ ១ប្រកួតទៀត ដើម្បីកាត់សេចក្តីថាតើ ៤ក្រុមខ្លាំងៗណាខ្លះឡើងទៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

វគ្គ៨ក្រុមចុងក្រោយ ជើងទី១ ទាំង៤ គឺស្មើគ្នា២ប្រកួត និងឈ្នះចាញ់ត្រឹម១គ្រាប់ ដែលបង្ហាញពីការ​ប្រកួតប្រជែងមានភាពស្វិតស្វាញបំផុត ដែលគេរំពឹងថា នៅក្នុងការប្រកួតកាត់សេចក្តីជើងទី២ នាដើមខែ​តុលានោះនឹងកាន់តែតានតឹង និងជក់ចិត្តបំផុត។ការប្រកួតកាត់សេចក្តីជើងទី២នេះនឹងត្រូវបូកសរុបលទ្ធផលទាំងជើងទី១ និងជើង​ទី២ ហើយក្រុមណាដែលឈ្នះនឹងត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្នុងករណីដែលប្រកួត​ណា​ដែលមានគ្រាប់បាល់ស្មើគ្នា ត្រឹមការប្រកួតពេញម៉ោង៩០នាទីនឹងត្រូវកាត់សេចក្តីដោយការទាត់បាល់​១១​ម៉ែត្រតែម្តង មិនមានបន្ថែមម៉ោង១៥នាទីពីរដងនោះឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT