ប្រធាន​ផ្នែក​កីឡា​របស់ Lyon ទទូច​ចង់​ឃើញ​កីឡាករ Real រូប​នេះ​មក​ចូល​និវត្ត​នៅ​ក្លឹប​ខ្លួន

ប្រធាន​គ្រប់គ្រង​ផ្នែក​កីឡា​លោក Juninho Pernambucano បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា លោក​ចង់​ឃើញ​កីឡាករ Karim Benzema មក​ចូល​និវត្ត​នៅ​ក្លឹប​ក្នុង​ប្រទេស​កំណើត Lyon នៅ​ពេល​ខាង​មុខ។

Benzema ធ្លាប់​ចាយ​ពេល​ ៤ ឆ្នាំ នៅ Lyon ហើយ​បង្ហាញ​ខ្លួន​ឲ្យ​ឈុត​ធំ ១៤៨ ប្រកួត និង​រក​បាន ៦៦ គ្រាប់ មុន​ផ្ទេរ​មក Real នៅ​ឆ្នាំ ២០០៩។

ប្រាប់​ទៅ​កាន់​សារព័ត៌មាន RMC Sport លោក Juninho មាន​ប្រសាសន៍​ថា៖ “ក្តី​ស្រមៃ​ដែល​ក្លឹប​យើង​មាន គឺ​ចង់​បាន Benzema មក​ចូល​និវត្ត​ជាមួយ​ពួក​យើង ហើយ​វា​ក៏​ជា​ក្តី​ស្រមៃ​ដែល​អ្នក​គាំទ្រ​ក្លឹប Olympique de Lyon ទាំង​អស់ ចង់់​ឃើញ​គាត់​ត្រលប់​មក​វិញ​បាន ២ រដូវ​កាល​អី​ដែរ”។

លោក​បន្ត​ទៀត​ថា៖ “យើង​ចង់​បាន Benzema ឲ្យ​មក​លេង Champions League ​និង​ដើរ​តួ​ជា​អ្នក​នាំ​មុខ ហើយ​អាច​រក​គ្រាប់​បាល់ ​ក៏​ដូច​ជា​ជួយ​ឲ្យ​ពួក​យើង​ឈ្នះ​ការ​ប្រកួត​ជា​ច្រើន”។

បញ្ជាក់​ថា កុងត្រា​របស់ Benzema នៅ Real Madrid សេសសល់​ដល់​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២២។ ជាមួយ​ក្លឹប​នៅ​អេស្ប៉ាញ គេ​បង្ហាញ​ខ្លួន ៥១៣ ប្រកួត រក​បាន ២៤៩ គ្រាប់​និង Assist ១៣៥ លើក​ហើយ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT