ផ្លូវការ! PSG សម្រេច​យក Areola ពី Real Madrid មក​ឲ្យ​ក្លឹប​ថ្មី​នៅ PL ​បន្ត​ខ្ចី​ជើង

ក្រោយ​ចប់​កុងត្រា​ខ្ចី​ជើង​រយៈ​ពេល ៦ ខែ​នៅ​ក្លឹប Real Madrid សម្រាប់​ដំណើរ​ជីវិត​បន្ទាប់​របស់​អ្នកចាំទី Alphonse Areola ក៏​ត្រូវ​បាន​ក្លឹប​អាណាព្យាបាល PSG សម្រេច​ដាក់​ឲ្យ​ខ្ចី​ជើង​ជា​បន្ត​ទៀត ប៉ុន្តែ​ម្តង​នេះ​នៅ​ទ្រនំ​ក្លឹប​អង់គ្លេស Fulham ឯ​ណោះ។

PSG បាន​ព្រមព្រៀង​ក្នុង​ការ​ចុះ​ហត្ថលេខា​ផ្តល់​ជូន Areola ឲ្យ​ទៅ Fulham នៅ​ក្របខ័ណ្ឌ Premier League ខ្ចី​ជើង​រយៈ​ពេល ១ រដូវ​កាល​ពេញ ពោល​កុងត្រា​ដំណើរការ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២១។

គួរ​បញ្ជាក់​ថា កីឡាករ​វ័យ ២៧ ឆ្នាំ​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ហាក់​មិន​ទាន់​រក​ទីតាំង​ឈរ​ជើង​ច្បាស់លាស់​មួយ​សម្រាប់​ខ្លួន​ទាល់​តែ​សោះ គ្រា​ទៅ Real ក៏​មិន​អាច​ប្រជែង​ឈ្នះ Courtois នៅ​តំណែង​ដៃ​ទី​មួយ​ ហើយ​នៅ PSG នេះ​សោត​ក៏​ត្រឹម​ជា​ស្រមោល​របស់ Keylor Navas តែ​ប៉ុណ្ណោះ។

នៅ​រដូវ​កាល ២០១៩/២០ រត់​ចុះ​រត់​ឡើង អ្នកចាំទី​សញ្ជាតិ​បារាំង បង្ហាញ​ខ្លួន​បាន​ត្រឹម ១៣ ​ប្រកួត និង​ទប់​បាល់ Clean Sheet ៥ លើក តែ​គិត​ជា​ថេរវេលា​ឈរ​ជើង មាន​ត្រឹម ១ ១២៤ នាទី​ប៉ុណ្ណោះ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT