ទប់​នឹង​ថ្លៃ​ពលកម្ម​លែង​ជាប់! R.Madrid សម្រេច​ប្រកាស​លក់ Bale ​នៅ​តម្លៃ​ធូរៗ​ហើយ

ក្លឹប Real Madrid ​បាន​សម្រេច​បើក​ភ្លើង​ខៀវ ក្នុង​ការ​លក់​ចេញ Gareth Bale ជាមួយ​តម្លៃ​ខ្លួន​ទាប​ត្រឹម ២២ លាន​ផោន ក្រោយ​ទប់​នឹង​ការ​ចំណាយ​លើ​ថ្លៃ​ពលកម្ម​របស់​កីឡាករ​សញ្ជាតិ​វែល​លែង​ជាប់។

មួយ​សប្តាហ៍​នៅ Madrid ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ ស៊ី​ថ្លៃ​ខ្ទង់ ៦០០ ០០០ ផោន​ឯ​ណោះ ហើយ​គេ​ក៏​លែង​ជា​ចំណែក​សំខាន់​របស់​ក្លឹប​ត​ទៅ​ទៀត​ដែរ។ រដូវ​កាល​ចាស់ ២០១៩/២០ កីឡាករ​វ័យ ៣១ ឆ្នាំ​បង្ហាញ​ខ្លួន ២០ ប្រកួត រក​បាន ៣ គ្រាប់​និង Assist ២ លើក នៅ​ការ​ឈរ​ជើង​រយៈ​ពេល ១ ២៦០ នាទី​លើ​ទីលាន។

ក្រឡេក​ទៅ​មើល​ចចាមអារ៉ាម​លើ​ទីផ្សារ​ដោះដូរ គឺ​មាន​ក្លឹប​ធំៗ ២ នៅ​អង់គ្លេស ទំនង​ជា​លូក​ដៃ​ក្នុង​ការ​ចរចា​នេះ ពោល​រួម​មាន Manchester United ឬ​អាច​ជា​អតីត​ក្លឹប​ចាស់ Tottenham Hotspur។ និយាយ​ពី​តម្លៃ​ផ្ទេរ ត្រឹម ២២ លាន​ផោន​អាច​ថា​មិន​ជា​បញ្ហា​ឡើយ អ្វី​ដែល​សំខាន់​គឺ​ការ​ចរចា​លើ​ថ្លៃ​ពលកម្ម​ដែល​ខ្ពស់​កប់​ពពក ជាមួយ​កីឡាករ​ផ្ទាល់។

គួរ​បញ្ជាក់​ថា ទើប​តែ​ឆ្នាំ ២០២០ នេះ​ទេ ដែល Madrid សម្រេច​បើក​ដៃ​ឲ្យ​កីឡាករ​មួយ​ចំនួន​ចាកចេញ ដោយ​ថ្មីៗ​នេះ​ទើប​តែ​សម្រេច​លើ​ការ​លក់​ James Rodriguez ឲ្យ​ទៅ​ក្លឹប Everton មួយ​ដែរ រុញ​ឲ្យ​ទំហំ​ចំណាយ​លើ​ថ្លៃ​ពលកម្ម​ចុះ​មក​សល់​ត្រឹម ៣១២ លាន​ផោន/រដូវ​កាល៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT