CFA ណាត់​ក្រុម​បាល់ទាត់​ចំនួន ៣ ​បើក​ការ​ប្រកួត​រៃ​ថវិកា​ជួយ​ដល់​ប្អូន​ស្រី​មាន​ជំងឺ​ដុះ​សាច់​លើ​ផ្ទៃ​មុខ

ក្រុម​បាល់ទាត់ Cambodian Fan Club All Stars (CFA) ​បាន​ចាប់ដៃ​ជាមួយ​ក្រុម NIDER FC, The Blue Warriors និង ស្ទាំង​ភ្លើង​ក្មេង​វត្ត​ក្តី​ចាស់ ត្រៀម​បើក​កម្ម​វិធី <<ប្រកួត​មិត្តភាព​សប្បុរសធម៌>> ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី ១៩ ​ខែ​កញ្ញា ឆ្នាំ​ ២០២០ ក្នុង​គោលដៅ​រៃ​អង្គាស​ថវិកា​យក​ទៅ​ជួយ​ដល់​ប្អូន​ស្រី វ៉ែន ចាន់​រ៉ា ដែល​មាន​ជីវភាព​ក្រីក្រ​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ។

បច្ចុប្បន្ន​ប្អូន​ស្រី វ៉ែន ចាន់រ៉ា ​រស់នៅ​ក្នុង​ភូមិ​ពោល្បំ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ហើយ​ត្រូវ​ការ​ថវិកា​ចាំបាច់ ​ដើម្បី​យក​ទៅ​វះកាត់​ជំងឺ​ដុះ​សាច់​លើ​ផ្ទៃ​មុខ​កម្រិត​ធ្ងន់។

ស្ថាបនិកបង្កើតក្រុម CFA លោក អៃ សំអូន បាន​បង្ហើប​ថា៖ “តំណាងសមាជិកក្រុមបាល់ទាត់ CFA ទាំងអស់សូមអំពាវនាវដល់ លោកគ្រូអ្នកគ្រូពេទ្យ លោកវេជ្ជបណ្ឌិត ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា និង សប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៌ទាំងអស់ មេត្តាជួយយកប្អូនស្រីទៅព្យាបាលផង ព្រោះគ្រួសារគាត់មានជីវភាពក្រីក្រ គ្មានលទ្ធភាពរ៉ាប់រងថ្លៃព្យាបាលទេ”។ អ្នក​អាច​ចូលរួម​ឧបត្ថម្ភ​បាន​តាម​រយៈ​គណនី ABA: Aiy Somoun => 001 061 334 និង ACELEDA ទាន់​ចិត្ត => 096 225 05 88។

គួរ​រំឭក​ថា នេះ​ជា​កម្មវិធី <<ប្រកួត​មិត្តភាព​សប្បុរសធម៌>> លើក​ទី ៣ ហើយ​ដែល​ក្រុម CFA បាន​បង្កើត​ឡើង ហើយ​ពី​មួយ​លើក​ទៅ​មួយ​លើក​សន្ទុះ​គាំទ្រ​ពី​សំណាក់​សប្បុរសជន​ បន្ត​មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់។ នៅ​ថ្ងៃ​ទី ១៩ ​កញ្ញា​ខាង​មុខ​នេះ ក៏​ជា​ខួប​មួយ​ឆ្នាំ សម្រាប់​ការ​ចាប់ផ្តើម​នៃ​ក្រុម​បាល់ទាត់ Cambodian Fan Club All Stars ផង​ដែរ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT