អាថ៌កំបាំង​និង​ការ​ពិត ៤ យ៉ាង ​កម្រ​មាន​អ្នក​ដឹង​ពី​ខ្សែ​ប្រយុទ្ធ Aubameyang

Pierre-Emerick Aubameyang ជា​កីឡាករ​ដ៏​សកម្ម​មួយ​រូប​របស់​ Arsenal និង​ជា​ចំណែក​យ៉ាង​សំខាន់​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន FA Cup កាល​ពី​ពេល​កន្លង​ទៅ។ ខ្សែ​ប្រយុទ្ធ​វ័យ ៣១ ឆ្នាំ នៅ​រដូវ​កាល​ចាស់ ២០១៩/២០ បង្ហាញ​ខ្លួន​ឲ្យ​ក្រុម ៤៤ ប្រកួត រក​បាន ២៩ គ្រាប់​និង Assist ៣ លើក។

ជឿ​ថា​អ្នក​គាំទ្រ​ភាគ​ច្រើន ប្រាកដ​ជា​ត្រឹម​បាន​ដឹង​ពី​សមត្ថភាព​លេង​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាប៊ុង​នៅ​លើ​ទីលាន ប៉ុន្តែ​បើ​ស៊ី​ជម្រៅ​ដល់​រឿងរ៉ាវ​ជីវិត និង​ការ​ពិត​ខ្លះៗ​ពី Aubameyang ប្រហែល​មិន​សូវ​មាន​អ្នក​ធ្លាប់​បាន​ដឹង​នោះ​ឡើយ។ CTS Sports ធ្វើ​ការ​បង្ហាញ​ ៤ ចំណុច​ដូច​ត​ទៅ៖

៤) ស្នាម​សាក់​លើ​ដៃ​និង​ខ្នង


ស្នាម​សាក់​ចំនួន ២ ដែល​គេ​រមែង​ឃើញ​ដក់​ជាប់​នៅ​លើ​ខ្លួន​របស់ Aubameyang យូរ​បំផុត គឺ​មាន​មួយ​នៅ​លើ​ផ្នែក​ខ្មង​ដៃ ដោយ​សាក់​ជា​ភាសា​អង់គ្លេស​ថា៖ “Crespo For Life”។ អត្ថន័យ​របស់​វា​គឺ​សំដៅ​ដល់​បុគ្គល​គំរូ ដែល​អតីត​កីឡាករ​បាល់ទាត់​ជើង​ចាស់​គឺ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​លោក Hernan Crespo ពោល Aubameyang ស្រលាញ់​និង​គោរព​ដល់​បុរស​ម្នាក់​នេះ​ខ្លាំង​បំផុត។ ដោយឡែក​នៅ​ផ្នែក​ខ្នង​ខាង​ក្រោយ​របស់​គេ គឺ​បន្សល់​ស្នាម​សាក់​ដ៏​ធំ​មួយ ជា​អត្តសញ្ញាណ​នៃ​ទ្វីប​អាហ្វ្រិក។

៣) មូលហេតុ​ដែល​ពាក់​ម៉ាស Superhero ពេល​អបអរ​គ្រាប់​បាល់


អ្នក​រមែង​ឃើញ Aubemeyang រមែង​ពាក់​ម៉ាស​មុខ​របស់​តួ​អង្គ Superhero ផ្សេងៗ​ពី​គ្នា កំឡុង​អបអរ​គ្រាប់​បាល់​បញ្ចូល​ទី ហើយ​នៅ​ពី​ក្រោយ​ហេតុផល​នោះ គឺ​ដោយសារ​លោក​ចង់​ផ្ញើ​ក្តី​ស្រលាញ់​ទៅ​កាន់​កូន​ប្រុស​របស់​ខ្លួន ដែល​ជា​ក្មេង​ចូលចិត្ត​អាន​សៀវភៅ​អំពី​រឿងរ៉ាវ​វីរបុរស​ផ្សេងៗ​ក្នុង​ខ្សែ​ភាពយន្ត។

២) លឿន​ទាំង​ក្នុង​និង​ក្រៅ​ទីលាន


ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ Aubameyang ជា​កីឡាករ​ល្បឿន​លឿន​មួយ​រូប​លើ​ទីលាន​ប្រកួត ដោយ​គេ​ក៏​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​រត់​លឿន​បំផុត​មួយ​រូប​ផង​ដែរ ដោយ​អាច​ប្រើប្រាស់​ល្បឿន​អតិបរមា​ឡើង​ដល់ ៣៥,៥ គ.ម/ម៉​ឯ​ណោះ។

ក្នុង​ជីវិត​ពិត Aubameyang ក៏​ចូលចិត្ត​ប្រើប្រាស់​រថយន្ត​ដែល​មាន​ល្បឿន​លឿន​ដូច​គ្នា ហើយ​ក្នុង​ចំណោម​រថយន្ត​ជា​ច្រើន​របស់​លោក មាន​មួយ​ជា​ម៉ាក Lamborghini Aventador ដែល​ប្រភេទ​នេះ​មាន​ល្បឿន​ស្ទុះ​ពី ០-៩៧ គ.ម/ម៉ ប្រើ​ពេល ២,៩ វិនាទី ហើយ​អាច​រត់​ក្នុង​ល្បឿន​អតិបរមា​ឡើង​ដល់ ៣៤៩ គ.ម/ម៉។

១) ធ្លាប់​ជា​មនុស្ស​ស្រលាញ់​ការ​លេង​ម៉ូត​សក់


មុន​ផ្ទេរ​មក Arsenal សម្រាប់​ម៉ូតសក់ Aubameyang គឺ​គេ​រមែង​ប្តូរ​ឥត​ល្ហែរ ហើយ​សុទ្ធ​សឹង​ជា​ម៉ូត​សក់​ប្លែក​ខុស​ពី​កីឡាករ​ដទៃ បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់​ទៅ Aubameyang ប្រហែល​នឹង Pogba ដែរ រឿង​លេង​ម៉ូត​សក់​នេះ។ ប៉ុន្តែ​ក្រោយ​ផ្លាស់​មក​ចូលរួម​នៅ​ទឹកដី Emirate Stadium គេ​ហាក់​មិន​សូវ​ឃើញ ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​រូប​នេះ លេង​ម៉ូត​សក់​ច្រើន​ដូច​មុន​ទៀត​ឡើយ៕

ប្រភព៖ Sokkaa

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT