PSG សារភាព​ថា​បាន​លូក​ដៃ​ចូល​រឿង Messi មែន តែ​រាំងស្ទះ​ដោយសារ​ហេតុផល​ម្យ៉ាង

ប្រធាន​គ្រប់គ្រង​ផ្នែក​កីឡា​ប្រចាំ​ក្លឹប Paris Siant-Germain គឺ​លោក Leonardo បាន​បញ្ជាក់​ថ្មីៗ​នេះ​ថា ក្លឹប​របស់​ខ្លួន​ពិត​ជា​បាន​គិតគូរ​អំពី​ការ​ចង់​នាំ​យក​ Lionel Messi មក​ចូលរួម នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ​ពិត​មែន។

Messi កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន ​កៀក​នឹង​ដើរ​ដល់​ផ្លូវ​បែក​ជាមួយ Barcelona ទៅ​ហើយ ប៉ុន្តែ​ក្រោយ​ការ​ចរចា​នៅ​ចុង​សប្តាហ៍​កន្លង​ទៅ ក៏​សម្រេច​ឲ្យ​អនាគត​របស់​គេ​បន្ត​ឈរ​ជើង​នៅ​ទឹកដី Camp Nou ដដែល។

PSG ដែល​ជា​ក្រុម​យក្ស​មួយ ក្នុង​ចំណោម​ក្រុម​ឯ​ទៀត​សម្លឹង​ឃើញ Messi ត្រូវ​បាន​លោក Leonardo បង្ហើប៖ “ពេល​យើង​ដឹង​ថា Messi គេ​ចង់​ចាកចេញ​ពី Barcelona យើង​ក៏​បាន​គិតគូរ​ដល់​រឿង​ហ្នឹង​ដែរ ប៉ុន្តែ​ពេល​គិត​ដល់​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​គឺ​វា​ពិត​ជា​ស្មុគស្មាញ​ខ្លាំង​ណាស់”។

គួរ​បញ្ជាក់​ថា Messi នៅ​ជាប់​កុងត្រា​ជាមួយ​ក្រុម​របស់​លោក Ronald Koeman ដល់​ខែ​មិថុនា ឆ្នាំ ២០២១ បែប​នេះ​មាន​ន័យ​ថា​ត្រឹម​ខែ​មករា ឆ្នាំ​ក្រោយ រូប​គេ​មាន​សិទ្ធ​អាច​ចរចា​បណ្តើរៗ​ជាមួយ​ក្លឹប​ដទៃ​ហើយ នៅ​ករណី​ដែល​មិន​ព្រម​បន្ត​កុងត្រា​ត​ទៅ​ទៀត៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT