Neymar បានរំលឹកដល់ការប្រកួត World Cup 2018 ដែលខ្លួនបានដួលជាច្រើនដង ហើយត្រូវបានគេគិតថានោះជាការសម្ដែងធ្វើពុត ដើម្បីឱ្យអាជ្ញាកណ្ដាលពិន័យកីឡាករម្ខាងទៀត។
ខ្សែប្រយុទ្ធថ្លៃជាងគេលើលោករូបនេះ បាននិយាយចំពោះរឿងដែលគេនិយាយថាខ្លួនធ្វើពុតថា៖ “គេទាត់ជើងខ្ញុំ បោះជង្គង់ត្រូវខ្ញុំហើយ អ្នកគិតថាខ្ញុំធ្វើពុតជាដួល ប៉ុន្តែជាក់ស្ដែងការពិត វាពិតជាឈឺចាប់មែនទែន អ្នកមិនដឹងថាវាឈឺប៉ុណ្ណាទេ ព្រោះអ្នកមិនមែនជាខ្ញុំ។ អ្នកអាចបន្ដស្ដីបន្ទោស ឬទម្លាក់អ្វីមកលើខ្ញុំទៀតក៏បាន ខ្ញុំនឹងនៅទីនេះដើម្បីបើកចិត្តប្រឈមមុខ។ ហើយខ្ញុំ និងប្រជាជនប្រេស៊ីលគឺនៅជាមួយគ្នាជានិច្ច យើងនឹងក្រោកឈរជាមួយគ្នាជាថ្មី”។
World Cup 2014 ខ្សែប្រយុទ្ធខាងលើនេះ បានរងរបួសចង្កេះធ្ងន់ធ្ងរមិនអាចជួយក្រុមបានឡើយ ហើយត្រូវអាល្លឺម៉ង់ទម្លាក់ក្នុងលទ្ធផល ៧-១ ថែមទៀត។ ដោយឡែកនៅ World Cup 2018 នេះវិញ រូបគេនៅតែមិនទាន់រកឃើញទម្រង់លេងឥតខ្ចោះរបស់ខ្លួនដដែល ដោយតែងតែដួលជានិច្ចនៅពេលប៉ះគ្នា។ ហេតុដូច្នេះហើយ បានជាធ្វើឱ្យអ្នកទស្សនាបានចោទរូបគេថា តែងតែធ្វើពុតជាដួលជានិច្ច៕ប្រភព៖ MARCA