បុរស​ចុង​ក្រោយ​ដែល​ជា​អ្នក​ផ្តួល Mike Tyson មុន​ប្រកាស​ចូល​និវត្ត ពេល​នេះ​ទៅ​ដល់​ណា​ហើយ?​​

នៅ​អាជីព​លើ​សង្វៀន​ប្រដាល់​រយៈ​ពេល​ ២០ ឆ្នាំ អ្នក​ប្រដាល់ Mike Tyson បាន​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន ៥៨ ដង ឈ្នះ ៥០ ស្មើ ៦ និង​មោឃៈ ២ ដង។

ក្នុង​ចំណោម​ការ​បរាជ័យ​ទាំង ៦ លើក នៅ​លើ​សង្វៀន ដំបូង​បង្អស់​កើត​ឡើង​នៅ​ប្រកួត​ទី ៣៨ ពេល​ប៉ះ​គ្នា​ជាមួយ Buster Douglas នៅ​ឆ្នាំ ១៩៩០ ហើយ​លើក​ចុង​ក្រោយ​គឺ​នៅ​ថ្ងៃ​ទី ១១ ​មិថុនា ឆ្នាំ ២០០៥ គឺ​ជា​ពេល​ប៉ះ​គ្នា​ជាមួយ​នឹង​អ្នក​ប្រដាល់ Kevin McBride ដែល Tyson ចុះចាញ់​ក្នុង​ទឹក​ទី ៦។

នៅ​បរាជ័យ​លើក​ទី ៦ ​នោះ ក៏​ជា​ពេលវេលា​លើក​ចុងក្រោយ​របស់ Mike Tyson ​នាម​ជា​អ្នក​ប្រដាល់​អាជីព។ ផ្ទុយ​ទៅ​វិញ​សម្រាប់​គូ​ប្រជែង​ដែល​ផ្តួល Tyson មុន​លោក​ចូល​និវត្ត​នោះ ជឿ​ថា​អ្នក​គាំទ្រ​ប្រាកដ​ជា​ចង់​ដឹង​ ថា​តើ​ពេល​នេះ​កំពុង​ប្រកប​អាជីព​អ្វី ហើយ​រស់នៅ​ទី​ណា?

Kevin McBride ត្បិត​បើ​អាច​ផ្តួល​អ្នក​ប្រដាល់​ជើង​ខ្លាំង Mike Tyson នៅ​ប្រកួត​ក្នុង​ទឹកដី​អាមេរិក កាល​ពី​ឆ្នាំ ២០០៥ ប៉ុន្តែ​នៅ​ប្រកួត​បន្តបន្ទាប់​លោក​ហាក់​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ ហើយ​រហូត​ដល់​ឆ្នាំ ២០១១ លោក​បាន​សម្រេច​ចិត្ត​ចូល​និវត្ត​ពី​អាជីព​ជា​អ្នក​ប្រដាល់។

រូបតំណាង

មក​ទល់​ពេល​បច្ចុប្បន្ន​នេះ បុរស​សញ្ជាតិ​អៀរឡង់ កំពុង​រស់នៅ​ក្នុង​ទីក្រុង Boston រដ្ឋ Massachusetts ជាមួយ​ប្រពន្ធ និង​កូន​ចំនួន ២ រូប ហើយ​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន គឺ​ជា​ជាង​កាត់​ឈើ។

បញ្ជាក់​ប្រាប់​សារព័ត៌មាន DailyMail កាល​ពី​ពេល​កន្លង​ទៅ បុរស​វ័យ ៤៧ ឆ្នាំ ដែល​ជា​អ្នក​យក​ឈ្នះ Tyson មុន​ចូល​និវត្ត បាន​និយាយ​ថា៖ “សព្វថ្ងៃ​ខ្ញុំ​កំពុង​បម្រើការ​ជា​ជាង​កាត់​ឈើ ដោយ​វា​ជា​រឿង​ល្អ​មួយ ព្រោះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​មមាញឹក​ខ្លាំង​ណាស់”។

រូបរបស់ Kevin McBride រយៈពេលចុងក្រោយ

និយាយ​ពាក់ព័ន្ធ​ដល់​ការ​ប្រកួត​ជាមួយ Mike Tyson ​កាល​ពី​ឆ្នាំ​ ២០០៥ នោះ លោក McBride បន្ត​ថា៖ “វា​ជា​រឿង​យូរ​ណាស់​ទៅ​ហើយ ប៉ុន្តែ​រយៈ​ពេល​ចុង​ក្រោយ​នេះ​មាន​ការ​លើក​ឡើង​ច្រើន ពេល​លេចលឺ​ថា Tyson គាត់​ចង់​ត្រលប់​មក​សង្វៀន​វិញ ហើយ​ក៏​មាន​គេ​បង្ហោះ​វីដេអូ​ឃ្លីប​នៅ​លើ Facebook អំពី​ប្រកួត​ចុង​ក្រោយ​របស់ Tyson ហើយ​ខ្ញុំ​ក៏​រីករាយ​នៅ​ពេល​ដែល​ពួក​គេ​ឃើញ​ថា ខ្ញុំ​ជា​មនុស្ស​ចុង​ក្រោយ​ដែល​បាន​យក​ឈ្នះ​ទៅ​លើ​គាត់”៕

ប្រភព៖ DailyMail | SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT