ក្លឹប Everton មានចំណាប់អារម្មណ៍ទិញយកខ្សែការពារ Marcos Rojo ពីក្លឹបបិសាចក្រហម Manchester United ក្នុងតម្លៃខ្លួន៣០លានផោន។
បិសាចក្រហម កំពុងចង់លក់ខ្សែការពារចោលខ្លះ បន្ទាប់ពីមានបំណងទិញកីឡាករថ្មីមកបន្ថែម ដើម្បីពង្រឹងតំបន់ការពាររបស់ខ្លួន ដែលតែងតែរបូតគ្រាប់បាល់ញឹកញាប់។ ដោយសារតែមានបំណងនេះហើយ បានជាធ្វើឱ្យក្លឹប Everton ដែលដឹកនាំដោយលោក Marco Silva ចង់បានខ្សែការពារអាហ្សង់ទីន Rojo ពីបិសាចក្រហម។ ការចង់បាននេះ គឺក្លឹបអាចនឹងត្រូវចំណាយ៣០លានផោន ដើម្បីផ្ដាច់កុងត្រា។
មូលហេតុដែលធ្វើឱ្យលោក Silva ចាប់អារម្មណ៍ទៅលើកីឡាករវ័យ២៨ឆ្នាំរូបនេះ ក៏ព្រោះតែពួកគេទាំង២នាក់ធ្លាប់ធ្វើការជាមួយគ្នាម្ដងមកហើយ កាលនៅក្លឹប Sporting Lisbon ។ លោក Silva ដឹងច្បាស់ពីកីឡាកររូបនេះ ហើយបានជួយឱ្យគេលេងបានល្អណាស់កាលនៅធ្វើការជាមួយគ្នា។
មិនត្រឹមតែ Rojo មួយទេ ដែលមានក្លឹបចង់បាន ពោលគឺ Victor Lindelof ដែលបិសាចក្រហមទិញយកកាលពីរដូវកាលមុនពីក្រុម Benfica នោះ ឥឡូវនេះក្លឹប Lyon ក៏កំពុងចាប់អារម្មណ៍ទិញយកដែរ។ ដូច្នេះហើយ ខ្សែការពារកណ្ដាល៥នាក់របស់ Man Utd មានក្លឹប២ចង់បាន២នាក់ហើយ៕ប្រភព៖ DailyMail