Ronaldo/Messi ​តតាំង​គ្នា​ប៉ុន្មាន​លើក​ហើយ​លើ​ទីលាន ចុះ​កាល​ប៉ះ​គ្នា​ដំបូង​លទ្ធផល​បែប​ណា?

Cristiano Ronaldo និង Lionel Messi គឺ​ជា​គូ​ប្រជែង​ដ៏​អស្ចារ្យ​ក្នុង​វិស័យ​បាល់ទាត់​នៅ​សតវត្ស​ទី ២១ ដោយ​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កីឡាករ​ពោរពេញ​ដោយ​មហិច្ឆតា​និង​ការ​ខិតខំ​ប្រឹងប្រែង​ខ្ពស់ និង​ម្នាក់​ទៀត​ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​ជាមួយ​បាល់ទាត់​តាំង​ពី​កំណើត។

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា Cristiano Ronaldo និង Lionel Messi បាន​តតាំង​គ្នា​លើ​ទីលាន ដំបូង​បង្អស់​នៅ​ពេល​ណា ហើយ​លទ្ធផល​កាល​នោះ​បញ្ចប់​ទៅ​បែប​ណា​វិញ?

ដោយ​តាម​ពិត​ទៅ​បើ​ទោះ​បី​ជា Messi បង្ហាញ​ខ្លួន​ឲ្យ​ Barcelona ​នៅ​ឆ្នាំ ២០០៤ ហើយ Ronaldo បង្ហាញ​ខ្លួន​ឲ្យ Man Utd នៅ​ឆ្នាំ ២០០៣ តែ​អ្នក​ទាំង​ពីរ​មិន​ធ្លាប់​ប៉ះ​គ្នា​សោះ​ឡើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង​នោះ ក្រោម​ហេតុផល​ដោយ​ស្ថិត​នៅ​ក្របខ័ណ្ឌ​ផ្សេង​ពី​គ្នា និង​ការ​ជួប​គ្នា​នៅ​ពាន​ក្រៅ​ស្រុក​ឱកាស​មិន​ផ្តល់​ឲ្យ។

រហូត​ដល់​ថ្ងៃ​ទី ២៣ ​មេសា ឆ្នាំ ២០០៨ នោះ​គឺ​ជា​ការ​ប្រកួត​ដំបូង​ដែល​អ្នក​ទាំង​ពីរ បាន​តតាំង​គ្នា ពោល​ក្នុង​ការ​ប្រកួត​រវាង Barcelona និង Manchester United នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ ព្រឹត្តិការណ៍ UEFA Champions League។ លទ្ធផល​នៅ​ជើង​ទី ១ ​ការ​តតាំង​រវាង​ក្រុម​ទាំង​ពីរ គឺ​បញ្ចប់​ទៅ ០-០ ហើយ​នៅ​ជើង​ទី ២ នា​រំលង​មួយ​សប្តាហ៍​បន្ទាប់ Man Utd បាន​យក​ឈ្នះ ១-០ ប៉ុន្តែ​ជា​ការ​រក​គ្រាប់​បាល់​ដោយ Paul Scholes មិនមែន​ជា Ronaldo ឡើយ។ បញ្ជាក់​ថា នោះ​គឺ​ជា​ឆ្នាំ​ដំបូង​ដែល Ronaldo បាន​ឈ្នះ​ពាន UCL ជាមួយ Man Utd។

រំលង​មួយ​ឆ្នាំ​បន្ទាប់ ដល់​ថ្ងៃ​ទី ២៧ ​ឧសភា ឆ្នាំ ២០០៩ អ្នក​មាន​បុណ្យ Barcelona ​ហាក់​ដូច​មាន​និស្ស័យ ដោយ​បាន​ពុះពារ​មក​ណាត់​ជួប​គ្នា​ជាមួយ United ម្តង​ទៀត ​តែ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​លទ្ធផល​បញ្ចប់​ទៅ ២-០ ដែល​មាន​ចំណែក​គ្រាប់​បាល់​របស់ Messi មួយ​គ្រាប់​ដែរ ហើយ​នេះ​គឺ​ជា​ឆ្នាំ​ដែល Messi ឈ្នះ​ពាន UCL លើក​ទី ២ ​ជាមួយ​នឹង​ក្លឹប​យក្ស​អេស្ប៉ាញ។

សរុប​ជា​ស្ថិតិ​នៃ​ការ​ជួប​គ្នា រវាង M10 និង CR7 គឺ​មាន​ដល់​ទៅ ៣៥ លើក​ហើយ ដោយ​លោក​ចុង​ក្រោយ​កើត​ឡើង​នៅ​ថ្ងៃ​ទី ៦ ឧសភា ឆ្នាំ ២០១៨ ជា​ការ​តតាំង​នៅ​ជំនួប El Clasico លទ្ធផល​បញ្ចប់​ក្រោយ ៩០ នាទី គឺ​ស្មើ ២-២៕

ប្រភព៖ Wikipedia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT